ទំហំប្រាក់ចំណូលពីការលក់ដីធ្លី របស់រដ្ឋាភិបាលចិនដាំក្បាលចុះ ខណៈវិបត្តិទីផ្សារអចលនទ្រព្យបន្តអូសបន្លាយ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទំហំប្រាក់ចំណូលពីការលក់ដីធ្លីរបស់ប្រទេសចិនបានដាំក្បាលចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយទសវត្សរ៍ ដោយជំរុញឱ្យមានឱនភាពថវិកាជាតិ ខណៈពេលដែលរដ្ឋាភិបាលចិនកំពុងចាក់បញ្ចូលមូលនិធិកាន់តែច្រើនដើម្បីជំរុញសន្ទុះសេដ្ឋកិច្ច។

ទំហំប្រាក់ចំណូលសរុបពីការលក់ដីធ្លីបានដាំក្បាលចុះ១៤,៦ភាគរយធៀបនឹងឆ្នាំមុនមកនៅត្រឹម១៩៤,១ពាន់លានយ័ន (ប្រមាណពាន់លានដុល្លារ)កាលពីខែឧសភា ឆ្នាំ២០២៥។ តួលេខនេះជាកម្រិតទាបបំផុតគិតចាប់តាំងពីខែឧសភា ឆ្នាំ២០១៥។

ការ​ណ៍នេះបាន​ធ្វើឱ្យ​ទំហំប្រាក់​ចំណូល​សរុប​ជារួមរបស់​រដ្ឋាភិបាល​ចិនធ្លាក់ចុះ មកនៅត្រឹមចំនួន១១,២ទ្រីលានយ័នក្នុងរយៈពេល៥ខែដំបូងដើមឆ្នាំ២០២៥។

ទន្ទឹមនឹងនេះ ការចំណាយថវិកាជាតិសរុបរបស់រដ្ឋាភិបាលចិនបានកើនឡើងដល់ចំនួន១៤,៥ទ្រីលានយ័ន ខណៈអាជ្ញាធរបានបង្កើនការចាក់បញ្ចូលមូលនិធិ ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ច។ ដូច្នេះ ទំហំឱនភាពថវិកាជាតិបានហក់ឡើងដល់៣,៣ទ្រីលានយ័ន។

ការ​ធ្លាក់​ចុះ​នៃ​ការ​លក់​ដី​ធ្លីបាន​គូស​បញ្ជាក់​ពី​បញ្ហាប្រឈម​ជា​បន្ត​បន្ទាប់​ក្នុង​ទីផ្សារ​អចលន​ទ្រព្យចិន ខណៈសេដ្ឋកិច្ចចិនកំពុងប្រឈមមុខនឹងហានិភ័យ ដោយសារគោលនយោបាយរបស់រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដូចជាបញ្ហាពន្ធគយ។

លោក Lisheng Wang សេដ្ឋវិទូនៅធនាគារវិនិយោគ Goldman Sachs បានលើកឡើងថា “យើងបន្តព្យាករណ៍ថា ប្រាក់ចំណូលពីការលក់ដីធ្លីរបស់រដ្ឋាភិបាលចិនអាចនឹងធ្លាក់ចុះចន្លោះពី៥ភាគរយទៅ១០ភាគរយ បន្ថែមទៀតនៅឆ្នាំនេះ”។

លោក Wang នៅតែជឿជាក់ថា ការសាងសង់ និងការវិនិយោគលើអចលនទ្រព្យនៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ២ លើពិភពលោក មិនទាន់ដាំក្បាលចុះដល់កម្រិតបាតនៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here