ដោយ: គង់ លាងហួរ
អន្តរជាតិ: ទំហំប្រាក់ចំណូលពីការលក់ដីធ្លីរបស់ប្រទេសចិនបានដាំក្បាលចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយទសវត្សរ៍ ដោយជំរុញឱ្យមានឱនភាពថវិកាជាតិ ខណៈពេលដែលរដ្ឋាភិបាលចិនកំពុងចាក់បញ្ចូលមូលនិធិកាន់តែច្រើនដើម្បីជំរុញសន្ទុះសេដ្ឋកិច្ច។
ទំហំប្រាក់ចំណូលសរុបពីការលក់ដីធ្លីបានដាំក្បាលចុះ១៤,៦ភាគរយធៀបនឹងឆ្នាំមុនមកនៅត្រឹម១៩៤,១ពាន់លានយ័ន (ប្រមាណពាន់លានដុល្លារ)កាលពីខែឧសភា ឆ្នាំ២០២៥។ តួលេខនេះជាកម្រិតទាបបំផុតគិតចាប់តាំងពីខែឧសភា ឆ្នាំ២០១៥។
ការណ៍នេះបានធ្វើឱ្យទំហំប្រាក់ចំណូលសរុបជារួមរបស់រដ្ឋាភិបាលចិនធ្លាក់ចុះ មកនៅត្រឹមចំនួន១១,២ទ្រីលានយ័នក្នុងរយៈពេល៥ខែដំបូងដើមឆ្នាំ២០២៥។
ទន្ទឹមនឹងនេះ ការចំណាយថវិកាជាតិសរុបរបស់រដ្ឋាភិបាលចិនបានកើនឡើងដល់ចំនួន១៤,៥ទ្រីលានយ័ន ខណៈអាជ្ញាធរបានបង្កើនការចាក់បញ្ចូលមូលនិធិ ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ច។ ដូច្នេះ ទំហំឱនភាពថវិកាជាតិបានហក់ឡើងដល់៣,៣ទ្រីលានយ័ន។
ការធ្លាក់ចុះនៃការលក់ដីធ្លីបានគូសបញ្ជាក់ពីបញ្ហាប្រឈមជាបន្តបន្ទាប់ក្នុងទីផ្សារអចលនទ្រព្យចិន ខណៈសេដ្ឋកិច្ចចិនកំពុងប្រឈមមុខនឹងហានិភ័យ ដោយសារគោលនយោបាយរបស់រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដូចជាបញ្ហាពន្ធគយ។
លោក Lisheng Wang សេដ្ឋវិទូនៅធនាគារវិនិយោគ Goldman Sachs បានលើកឡើងថា “យើងបន្តព្យាករណ៍ថា ប្រាក់ចំណូលពីការលក់ដីធ្លីរបស់រដ្ឋាភិបាលចិនអាចនឹងធ្លាក់ចុះចន្លោះពី៥ភាគរយទៅ១០ភាគរយ បន្ថែមទៀតនៅឆ្នាំនេះ”។
លោក Wang នៅតែជឿជាក់ថា ការសាងសង់ និងការវិនិយោគលើអចលនទ្រព្យនៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ២ លើពិភពលោក មិនទាន់ដាំក្បាលចុះដល់កម្រិតបាតនៅឡើយទេ៕