ចិន​សន្យា​ជួយ​ពង្រឹង​សេដ្ឋកិច្ច​កម្ពុជា​ដើរតួ​នាទី​​សំខាន់​​ក្នុង​​តំបន់​​ឥណ្ឌូចិន​ ​និង​អាស៊ាន​

0

​ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​ប្រធាន​សមាគម​ទំនាក់ទំនង​អន្តរជាតិ​ចិន​បាន​អះ​អា​ថា​ ​អ្វី​ដែល​ចិន​អាច​បន្ត​ជួយ​កម្ពុជា​នៅពេល​ខាងមុខនេះ​គឺ​ការ​ជួយ​ពង្រឹង​សេដ្ឋកិច្ច​កម្ពុជា​ ​និង​ធ្វើឲ្យ​កម្ពុជា​ដើរតួ​នាទី​សំខាន់​ក្នុង​តំបន់​ឥណ្ឌូចិន​ ​និង​អាស៊ាន​។​

​នៅក្នុង​ជំនួប​ជាមួយ​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្ងៃទី២៤​ ​ខែមេសា​ ​ឆ្នាំ២០១៩នេះ​លោក​ ​ឈិន​ ​យន់​ ​ប្រធាន​សមាគម​ទំនាក់ទំនង​អន្តរជាតិ​ចិន​បាន​ឲ្យដឹង​ថា​ ​ដំណើរ​ទស្សនកិច្ច​លើក​ទី២​ ​មក​កម្ពុជា​នា​ពេលនេះ​ ​ដើម្បី​ស្វែងរក​ឱកាស​ជួយ​ដល់​អ្នក​វិ​និ​យោ​គ​គិន​ចិន​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ ​និង​ដើម្បី​ជួយ​ជំរុញ​ការកាត់បន្ថយ​ភាព​ក្រីក្រ​របស់​ពលរដ្ឋខ្មែរ​អោយ​បាន​ឆាប់រហ័ស​បំផុត​។​ ​ទន្ទឹម​នឹង​នេះ​ ​ដែរ​ ​លោក​បានឃើញ​ផ្ទាល់​ភ្នែក​នូវ​ការ​រីកចម្រើន​លឿន​របស់​កម្ពុជា​ ​ទាំង​នៅ​តាម​បណ្តា​ខេត្ត​ ​ជា​ពិស​សេស​នៅ​រាជធានី​ភ្នំពេញ​ដែល​មានការ​រីកចម្រើន​យ៉ាង​ខ្លាំង​។​ ​

​លោក​បន្ត​ថា​សេដ្ឋកិច្ច​ ​និង​នយោបាយ​ ​មិន​អាច​កាត់​ផ្តាច់​ពីគ្នា​បានទេ​ ​ហើយ​លោក​បាន​មើលឃើញ​ថា​កម្ពុជា​បាន​ដើរតួ​នាទី​សំខាន់​នៅក្នុង​ការ​ថែរក្សា​ស្ថិរភាព​ ​សន្តិភាព​នៅក្នុង​តំបន់​ ​និង​ជា​មិត្ត​ជិត​ស្និត​របស់​បណ្តា​ប្រទេស​អាស៊ាន​ ​និង​ចិន​ផង​ដែរ​ ​ក្នុង​ការ​ជ​ម្រុ​ញកិ​ច្ច​សហប្រតិបត្តិ​ការ​មិត្តភាព​ក្នុង​តំបន់​។​

​លោក​ក៏បាន​ស្នើ​ ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​ក្នុង​ការ​អភិវឌ្ឍ​របៀង​សេដ្ឋកិច្ច​នៅ​ផ្លូវជាតិ​លេខ៩​ ​ពិសេស​រវាង​កម្ពុជា​ ​និង​ប្រទេស​ឡាវ​នៅពេល​ខាងមុខ​។​ ​អ្វី​ដែល​លោក​ចង់​ឃើញ​ ​គឺ​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធ​ន៏​គ្នា​ទៅវិញទៅមក​ ​ជាពិសេស​លោក​បាន​បញ្ជាក់​ពីរ​បៀង​ប៉ូល​សេដ្ឋកិច្ច​រវាង​រាជធានី​ភ្នំពេញ​ ​និង​ ​ខេត្ត​ព្រះសីហនុ​ ​ដែល​នឹងអាច​ធ្វើជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​កម្ពុជា​។​ ​

​ជាមួយគ្នា​នោះ​ដែរ​ ​លោក​ ​ឈិន​ ​យន់​ ​បាន​គោរព​ស្នើ​ ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ ​ដើម្បី​ជួយ​សម្រួល​អោយ​មាន​ចរាចរណ៍​ប្រើប្រាស់​រូ​បិយ​បណ្ណ័​ចិន​នៅក្នុង​ទីផ្សារ​របស់​កម្ពុជា​ផង​ដែរ​ ​ដែល​នឹង​កាន់តែ​ទាក់ទាញ​វិ​និ​យោ​គ​គិន​ជាច្រើន​ទៀត​មក​កម្ពុជា​ ​និង​ពី​ប្រទេស​ដទៃ​ៗ​ទៀត​។​ ​លោក​ ​យន់​ ​បាន​បញ្ជាក់​ថា​ ​លោក​នឹង​ជំរុញ​អោយ​ក្រុមហ៊ុន​ចិន​ជាច្រើន​ទៀត​មក​វិនិយោគ​នៅ​កម្ពុជា​ ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​អោយ​កាន់តែ​រឹងមាំ​ខ្លាំងក្លា​។​

​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​ ​បាន​ឲ្យដឹង​ថា​ ​ថ្វី​ត្បិត​ថ្មី​ៗ​នេះ​ ​ខាង​ ​EU​ ​បាន​លើកយក​ ​EBA​ ​មក​ដាក់​សម្ពាធ​លើ​កម្ពុជា​ ​គឺ​កម្ពុជា​មិន​អាចយ​ក​អធិបតេយ្យ​ភាពជា​តិ​ទៅ​ដោះដូរ​បាន​ឡើយ​។​ ​កម្ពុជា​ត្រូវ​ពង្រឹង​សេដ្ឋកិច្ច​ជាតិ​ ​ហើយ​ដកដង្ហើម​រស់​ដោយខ្លួនឯង​។​ ​

​សម្តេច​តេជោ​ ​បាន​បន្ត​គាំទ្រ​ ​នឹង​លើកទឹកចិត្ត​ដល់​បណ្តា​ក្រុមហ៊ុន​វិនិយោគ​តូច​ធំ​របស់​ប្រទេស​ចិន​បន្ត​វិនិយោគ​នៅ​កម្ពុជា​ ​ហើយ​ទន្ទឹម​នឹង​នោះ​សម្តេច​តេជោ​ ​បាន​ស្នើ​ដល់​ ​លោក​ ​យន់​ ​ជួយ​កៀងគរ​អ្នក​វិនិយោគ​ចិន​ថ្មី​ៗ​អោយ​មក​វិនិយោគ​នៅ​កម្ពុជា​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់​។​ ​

​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ ​បន្ត​ថា​ ​កំណែទម្រង់​ស៊ីជម្រៅ​របស់​កម្ពុជា​ ​ជាបន្តបន្ទាប់​ ​ជាពិសេស​នៅក្នុង​វេទិកា​រាជរដ្ឋាភិបាល​និង​វិស័យ​ឯកជន​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ​ដែល​បាន​ជួយ​កាត់បន្ថយ​ការ​ចំណាយ​យ៉ាងច្រើន​ដល់​អ្នក​វិ​និ​យោ​គ​គិន​ ​ដើម្បី​ក្រុម​ហ៊ុន​មាន​លទ្ថ​ភាព​បង់​ពន្ឋ​នាំចេញ​ចូល​ងាយស្រួល​ ​ចំណាយ​តិច​ក្នុង​ការផលិត​ ​និង​ដឹកជញ្ជូន​ ​នឹង​បាន​ទទួល​មកវិញ​នូវ​ប្រាក់ចំណេញ​កាន់តែ​ច្រើន​។​ ​

​សម្តេច​តេជោ​ ​បាន​បញ្ជាក់​ជូន​លោក​ ​យន់​ ​ក៏ដូចជា​ពាណិជ្ជករ​ ​និង​អ្នក​វិ​និ​យោ​គ​គិ​ន​ទាំងអស់​ថា​ ​EBA​ ​គឺ​នឹង​ត្រូវ​កាត់​ផ្តាច់​ដោយ​ស្វ័យប្រវត្ត​ន៍​ ​នៅពេល​ដែល​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​រីកចម្រើន​ខ្ពស់​។​ ​EBA​ ​គឺ​គេ​ផ្តល់​ជូនចំពោះ​ប្រទេស​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ក្រីក្រ​បំផុត​។​ ​ដូច្នេះ​គ្មានអ្វី​ដែល​ត្រូវ​បារម្ភ​ឡើយ​ ​ព្រោះ​ទស្សនៈ​វិស័យ​កម្ពុជា​គឺ​ឈាន​ឆ្ពោះទៅ​រក​វឌ្ឍនៈ​ភាព​រីកចម្រើន​ ​ហើយ​ចូលរួម​បង់​ពន្ឋ​ដារ​ទៅ​ប្រទេស​ដទៃ​ដូចគេដូចឯង​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here