ដោយ ៖ រ៉ាណេត
ភ្នំពេញ៖ ជាការចូលរួមលើកកម្ពស់ជំរុញការផ្សព្វផ្សាយ និងការនាំចេញផលិតផលនានារបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសជប៉ុនឱ្យកាន់តែមានភាពល្អប្រសើរនោះ ប្រធានអង្គការ JETRO របស់ជប៉ុនបានបង្កើតគម្រោងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនៅដើមខែតុលាឆ្នាំ ២០១៩ ខាងមុខនេះ ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានសាទរ និងបង្ហាញពីការគាំទ្រចំពោះគម្រោងបង្កើតព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម និងជំនួបធុរកិច្ចរបស់អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) នៅក្នុងផ្សារទំនើបអ៊ីអន (AEON) រាជធានីភ្នំពេញ ដើម្បីជំរុញការផ្សព្វផ្សាយផលិតផលខ្មែរ និងទាក់ទាញការវិនិយោគបន្ថែមពីប្រទេសជប៉ុន។
ជាមួយគ្នានេះ លោកក៏បានស្នើសុំប្រធានអង្គការ JETRO ជួយសិក្សាអំពីលទ្ធភាពកែច្នៃ និងអភិវឌ្ឍន៍ផលិតផលខ្មែរ នៅតាមបណ្តារាជធានីខេត្តទូទាំងប្រទេសកម្ពុជា និងប្រមូលផលិតផលដែលមានសក្តានុពលទាំងអស់ ធ្វើការដាក់លក់ និងបង្ហាញជូនសាធារណៈជន ក៏ដូចជាវិនិយោគិនជប៉ុន នៅក្នុងផ្សារទំនើប AEON ទាំងពីរសាខា ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។
លោករដ្ឋមន្ត្រីពាណិជ្ជកម្ម ក៏បានលើកឡើងពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce) ដើម្បីពង្រីកវត្តមានផលិតផលខ្មែរនៅលើទីផ្សារអន្តរជាតិ ស្របតាមនិន្នាការពិភពលោក និងបានស្នើប្រធានអង្គការ JETRO ធ្វើការសហការជាមួយផ្សារទំនើប AEON ដើម្បីជាបង្កើតវេទិកា ឬកម្មវិធីដោះដូរទំនិញតាមប្រព័ន្ធអ៊ិនធើណេត ក៏ដូចជាបញ្ជរលក់ និងចែកចាយផលិតផលខ្មែរ ទៅកាន់អតិជនគោលដៅឱ្យបានទូលំទូលាយ។
ជាការឆ្លើយតប លោក មីយ៉ាវ ម៉ាសាហ៊ីរូ ប្រធានអង្គការ JETRO បានថ្លែងអំណរគុណដល់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានចែករំលែកនូវព័ត៌មានសំខាន់ៗ និងបានតែងគាំទ្រប្រតិបត្តិការរបស់អង្គការ JETRO នៅកម្ពុជា រយៈពេលជាង ៩ឆ្នាំនេះ ។ លោកក៏បានសន្យាដឹកនាំនិយោគិនជប៉ុន ចូលរួមព្រឹត្តិការណ៍ភូមិ១ ផលិតផល១ របស់កម្ពុជា និងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម និងជំនួបធុរកិច្ច នៅផ្សារទំនើប AEON ដើម្បីស្វែងយល់អំពីសក្តានុពលផលិតផលខ្មែរ និងឱកាសធ្វើធុរកិច្ចនៅកម្ពុជា។
បន្ថែមពីនេះ លោក មីយ៉ាវ ម៉ាសាហ៊ីរូ ក៏បានស្នើសុំធ្វើវិសោធនកម្មអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងអង្គការ JETRO និងក្រសួងពាណិជ្ជកម្មឡើងវិញ ដោយបញ្ចូលបន្ថែមនូវផែនការអាជីវកម្មថ្មីៗ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងប្រទេសជប៉ុន និងកម្ពុជាផងដែរ ៕






