ដោយ: គង់ លាងហួរ
អន្តរជាតិ: និន្នាការសម្រាប់ការវិនិយោគអចលនទ្រព្យបានផ្លាស់ប្តូរនៅទូទាំងតំបន់អាសុីប៉ាសុីហ្វិក។ ក្នុងបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន ផលចំណេញពីការវិនិយោគអចលនទ្រព្យអាស្រ័យលើប្រតិបត្តិការរឹងមាំ និងកំណើនប្រាក់ចំណេញសុទ្ធពីប្រតិបត្តិការ(Net Operating Income)។
ទីផ្សារអចលនទ្រព្យភស្តុភារ និងឧស្សាហកម្មក្នុងតំបន់បានប្រឈមមុខជាមួយនឹងបញ្ហាមួយចំនួន ស្របពេលបណ្តាវិនិយោគិន និងអ្នកជួលសម្របខ្លួនទៅនឹងលក្ខខណ្ឌទីផ្សារ។ ទោះយ៉ាងណា តម្រូវការឃ្លាំង ឬរោងចក្រទំនើបនៅតែមានភាពរឹងមាំ ដោយសារកំណើនពាណិជ្ជកម្មអេឡិចត្រូនិក និងប្រសិទ្ធភាពខ្សែសង្វាក់ផ្គត់ផ្គង់។
ចំពោះទីផ្សារលំនៅដ្ឋាន ដូចជា អាផាតមុិន លំនៅដ្ឋានរបស់សិស្ស-និស្សិត និងលំនៅដ្ឋានសម្រាប់មនុស្សចាស់កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដែលជំរុញដោយកត្តាប្រជាសាស្រ្ត និងនគរូបនីយកម្មទីក្រុង។
ទន្ទឹមនឹងនេះ មជ្ឈមណ្ឌលទិន្នន័យកំពុងទាក់ទាញការវិនិយោគយ៉ាងច្រើន ដោយសារតែការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) និងតម្រូវការសម្រាប់ការផ្ទុកទិន្នន័យ។
ចំណែក ទីផ្សារអចលនទ្រព្យការិយាល័យនៅតែជាមូលដ្ឋានគ្រឹះ និងជាឆ្អឹងខ្នងរបស់វិស័យអចលនទ្រព្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយគ្រប់គ្រងចំណែកជិត៤០ភាគរយនៃផលបត្រវិនិយោគសរុបក្នុងតំបន់។
នៅក្នុងបរិបទទីផ្សាររបស់បណ្តាប្រទេសអាសុីមួយចំនួន តម្រូវការអគារការិយាល័យទំនើប និងមាននិរន្តរភាពកំពុងជំរុញឱ្យតម្លៃជួល និងផលចំណេញពីការវិនិយោគកើនឡើង។
ទន្ទឹមនឹងនេះ កំណើនថ្លៃដើមសំណង់កំពុងធ្វើឱ្យបណ្តាអ្នកអភិវឌ្ឍន៍កាត់បន្ថយការសាងសង់អគារការិយាល័យថ្មី ដែលនាំឱ្យអត្រាការិយាល័យទំនេរធ្លាក់ចុះ។
បច្ចុប្បន្ន បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនក្នុងតំបន់កំពុងប្រើប្រាស់កិច្ចព្រមព្រៀងទិញថាមពលរយៈពេលវែងដោយផ្ទាល់ (PPAs) ដើម្បីប្រើប្រាស់ថាមពលកកើតឡើងវិញដែលមានតម្លៃសមរម្យ ក្នុងគោលដៅឈានទៅសម្រេចបាននិរន្តរភាព និងប្រសិទ្ធភាពលើការចំណាយ៕ប្រភព: The Business Times៕