ដំណឹងល្អៈ ក្រុមហ៊ុនអាកាសចរណ៍Air Cambodiaនឹងបើកជើងហោះហើរទៅកាន់ប្រទេសជប៉ុននៅចុងឆ្នាំនេះ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia (K6) ​នឹង​បើក​ជើង​ហោះហើរថ្មី​របស់​ខ្លួន ​រវាង​រាជធានី​ភ្នំពេញ-​ទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុន​នៅ​មុន​ដំណាច់​​ឆ្នាំ​២០២៥នេះ។

ជាមួយគ្នានេះ ​​​ក្រុមហ៊ុនក៏មានផែនការ​ធ្វើ​ការ​ហោះហើរ​ពី​ភ្នំពេញ ​ទៅ​កាន់​ទីក្រុង​ Osaka ផងដែរ​។​

រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ីន ចាន់សិរីវុត្ថា បានមានប្រសាសន៍ឲ្យដឹងកាលពីដើម ខែ​កក្កដា​​ថា រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកបណ្ឌិតម៉ៅ ហាវណ្ណាល់ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ទើប​បានចុះហត្ថលេខា​ លើអនុស្សរណៈយោគយល់គ្នា(MoU) ​ជា​មួយនឹង​មន្រ្តីជាន់ខ្ពស់ ​ផ្នែក​អាកាសចរណ៍​​ជប៉ុន ​​ទៅលើកំណត់ហេតុដឹកជញ្ជូន​តាមផ្លូវអាកាស​រវាងកម្ពុជា-ជប៉ុន ដើម្បី​បើក​ផ្លូវ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍ជាតិAir Cambodia ធ្វើ​ការ​ហោះហើរ​ទៅ​កាន់​ប្រទេស​ជប៉ុន។

ការ​ហោះហើរ​គ្រោង​ធ្វើ​ឡើង ​នៅ​មុន​ដំណាច់​ឆ្នាំ​២០២៥ ដោយ​ចេញ​ពី​ភ្នំពេញ​ទៅ​កាន់​ទីក្រុងក្វាងចូវ ក្នុង​ប្រទេស​ចិន និង​បន្ត​ទៅ​កាន់​អាកាសយានដ្ឋាន​អន្តរជាតិNarita នៃ​ទីក្រុង​តូក្យូ(ប្រទេស​ជប៉ុន)។​ លោក​ប្រាប់​ទៀត​ថា តាម​គម្រោង​​នៅ​ជំហាន​បន្ទាប់Air Cambodia នឹង​ធ្វើ​ការ​ហោះហើរ​ទៅ​កាន់​ទីក្រុងអូសាកា ប្រទេស​ជប៉ុន​ផងដែរ​។​

លោកបាន​ថ្លែង​ថា “សព្វថ្ងៃ​យើងសុំ​ហោះហើរ ទៅទីក្រុងចំនួន២ គឺទីក្រុងតូក្យូ និងទីក្រុងអូហ្សាកា​ ប៉ុន្តែ​ដោយសារ​មានផលប៉ះពាល់ផ្សេងៗ គឺទីក្រុងអូសាកា​ ​យើង​នឹងហោះហើរនៅពេល​ក្រោយ​ ដោយ​ឥឡូវ​នេះ​ការអនុញ្ញាតគឺទៅទីក្រុង​តូក្យូ”​​។

នៅ​មុន​​ការ​ផ្ទុះ​រីក​រាល​ដាល​ខ្លាំង​នៃ​ជំងឺកូវីដ​១៩ ​កម្ពុជា-ជប៉ុន​ធ្លាប់​មាន​ការ​តភ្ជាប់​ជើង​ហោះជាមួយ​គ្នា ​ដែល​ធ្វើ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន​ANA ប៉ុន្តែវា​ត្រូវ​បាន​បិទ​បញ្ចប់​នៅ​ខែមករា ​ឆ្នាំ​២០២១ ដោយ​សារ​តែ​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក នៃ​ចំនួន​ភ្ញៀវ​ធ្វើ​ដំណើរ​។​ តាម​ព័ត៌មាន​មួយ​ចំនួន គឺ​ក្រុមហ៊ុន​​ANA អាច​នឹង​​បើក​ការ​ហោះហើរ​មក​កម្ពុជា​ឡើង​វិញនៅ​ឆ្នាំ​២០២៦​។​

លោកស៊ីន ចាន់សិរីវុត្ថាបានបន្តថា ការតភ្ជាប់ជើងហោះហើរថ្មីនេះ នឹង​ចូល​រួម​ចំណែក ​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រទេស​ទាំង ២ តាម​រយៈ​នាំមក​នូវ​ភ្ញៀវទេសចរ អ្នក​​វិនិយោគ ព្រម​ទាំង​ការ​ដឹក​ទំនិញ​​​ផងដែរ​។​

សម្រាប់​ទំហំពាណិជ្ជកម្ម​ទ្វេរភាគី ក្នុង​រយៈពេល៥ខែ ដើម​ឆ្នាំ​២០២៥ សម្រេចបាន​ទឹក​ប្រាក់សរុប​ ១,០២ពាន់លាន​ដុល្លារ កើន​ឡើង២៨​ភាគរយ ​ធៀប​រយៈ​ពេល៥​ខែ​ឆ្នាំ​២០២៤ ដោយ​ទំនិញ​កម្ពុជា​នាំ​ទៅ​ជប៉ុន មាន​ចំនួន៦៣៥,២២លាន​ដុល្លារ កើន១៩,២​ភាគរយ និង​ជប៉ុននាំចូល៣៨៩​លាន​ដុល្លារ កើន៤៥,៦​ភាគរយ។ នេះ​បើ​តាម​អគ្គនាយកដ្ឋានគយ និង​រដ្ឋាករកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here