ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia (K6) នឹងបើកជើងហោះហើរថ្មីរបស់ខ្លួន រវាងរាជធានីភ្នំពេញ-ទីក្រុងតូក្យូ ប្រទេសជប៉ុននៅមុនដំណាច់ឆ្នាំ២០២៥នេះ។
ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានផែនការធ្វើការហោះហើរពីភ្នំពេញ ទៅកាន់ទីក្រុង Osaka ផងដែរ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ីន ចាន់សិរីវុត្ថា បានមានប្រសាសន៍ឲ្យដឹងកាលពីដើម ខែកក្កដាថា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកបណ្ឌិតម៉ៅ ហាវណ្ណាល់ កាលពីថ្ងៃទី៣០ ខែមិថុនា ទើបបានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា(MoU) ជាមួយនឹងមន្រ្តីជាន់ខ្ពស់ ផ្នែកអាកាសចរណ៍ជប៉ុន ទៅលើកំណត់ហេតុដឹកជញ្ជូនតាមផ្លូវអាកាសរវាងកម្ពុជា-ជប៉ុន ដើម្បីបើកផ្លូវឱ្យក្រុមហ៊ុនអាកាសចរណ៍ជាតិAir Cambodia ធ្វើការហោះហើរទៅកាន់ប្រទេសជប៉ុន។
ការហោះហើរគ្រោងធ្វើឡើង នៅមុនដំណាច់ឆ្នាំ២០២៥ ដោយចេញពីភ្នំពេញទៅកាន់ទីក្រុងក្វាងចូវ ក្នុងប្រទេសចិន និងបន្តទៅកាន់អាកាសយានដ្ឋានអន្តរជាតិNarita នៃទីក្រុងតូក្យូ(ប្រទេសជប៉ុន)។ លោកប្រាប់ទៀតថា តាមគម្រោងនៅជំហានបន្ទាប់Air Cambodia នឹងធ្វើការហោះហើរទៅកាន់ទីក្រុងអូសាកា ប្រទេសជប៉ុនផងដែរ។
លោកបានថ្លែងថា “សព្វថ្ងៃយើងសុំហោះហើរ ទៅទីក្រុងចំនួន២ គឺទីក្រុងតូក្យូ និងទីក្រុងអូហ្សាកា ប៉ុន្តែដោយសារមានផលប៉ះពាល់ផ្សេងៗ គឺទីក្រុងអូសាកា យើងនឹងហោះហើរនៅពេលក្រោយ ដោយឥឡូវនេះការអនុញ្ញាតគឺទៅទីក្រុងតូក្យូ”។
នៅមុនការផ្ទុះរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ កម្ពុជា-ជប៉ុនធ្លាប់មានការតភ្ជាប់ជើងហោះជាមួយគ្នា ដែលធ្វើប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ជប៉ុនANA ប៉ុន្តែវាត្រូវបានបិទបញ្ចប់នៅខែមករា ឆ្នាំ២០២១ ដោយសារតែការធ្លាក់ចុះយ៉ាងគំហុក នៃចំនួនភ្ញៀវធ្វើដំណើរ។ តាមព័ត៌មានមួយចំនួន គឺក្រុមហ៊ុនANA អាចនឹងបើកការហោះហើរមកកម្ពុជាឡើងវិញនៅឆ្នាំ២០២៦។
លោកស៊ីន ចាន់សិរីវុត្ថាបានបន្តថា ការតភ្ជាប់ជើងហោះហើរថ្មីនេះ នឹងចូលរួមចំណែក ក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រទេសទាំង ២ តាមរយៈនាំមកនូវភ្ញៀវទេសចរ អ្នកវិនិយោគ ព្រមទាំងការដឹកទំនិញផងដែរ។
សម្រាប់ទំហំពាណិជ្ជកម្មទ្វេរភាគី ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៥ សម្រេចបានទឹកប្រាក់សរុប ១,០២ពាន់លានដុល្លារ កើនឡើង២៨ភាគរយ ធៀបរយៈពេល៥ខែឆ្នាំ២០២៤ ដោយទំនិញកម្ពុជានាំទៅជប៉ុន មានចំនួន៦៣៥,២២លានដុល្លារ កើន១៩,២ភាគរយ និងជប៉ុននាំចូល៣៨៩លានដុល្លារ កើន៤៥,៦ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕