ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍សិក្សាថ្មីចុងក្រោយរបស់ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Savills បានឱ្យដឹងថា តម្លៃជួលលំនៅដ្ឋាននៅទីក្រុងតូក្យូរបស់ប្រទេសជប៉ុនបានកើនឡើងគួរឱ្យកត់សម្គាល់កាលពីត្រីមាសទី២ ឆ្នាំ២០២៥ ដោយបានកើនឡើងទាំងលើមូលដ្ឋានប្រចាំត្រីមាស និងប្រចាំឆ្នាំ។
តួយ៉ាង តម្លៃជួលលំនៅដ្ឋានជាមធ្យមនៅទូទាំងសង្កាត់សរុបទាំង២៣ របស់ទីក្រុងតូក្យូបានកើនឡើង០,៩ភាគរយធៀបនឹងត្រីមាសទី១ ដល់ចំនួន៤.៥៨៦យ៉េន(ប្រហែល៣១,៣៥ដុល្លារ)ក្នុងមួយម៉ែត្រការ៉េនៅត្រីមាសទី២។ តួលេខនេះមានការកើនឡើង៨,៤ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
តម្លៃជួលលំនៅដ្ឋានជាមធ្យមនៅសង្កាត់ចំនួន៥ នៅចំកណ្តាលទីក្រុងតូក្យូបានកើនឡើង០,៤ភាគរយធៀបនឹងត្រីមាសទី១ ដល់ចំនួន៥.៥៤៥យ៉េន(ប្រហែល៣៧,៩ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ និងកើនឡើង៩,៥ភាគរយបើធៀបនឹងត្រីមាសទី២ដូចគ្នាកាលពីឆ្នាំមុន។








