ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យការិយាល័យនៅតំបន់ Klang Valley ក្នុងប្រទេសម៉ាឡេសុី ដែលគ្របដណ្តប់ទាំងទីក្រុងគូឡាឡាំពួរកំពុងចាប់ផ្តើមបង្ហាញសញ្ញានៃការស្ទុះងើបឡើងវិញ ក្រោយពីបានជួបប្រទះការផ្គត់ផ្គង់លើសតម្រូវការក្នុងរយៈពេលជាង១០ឆ្នាំ។
ធនាគារវិនិយោគ Hong Leong Investment Bank បានលើកឡើងថា យើងសង្កេតឃើញមានសញ្ញានៃកំណើនតម្រូវការការិយាល័យមានគុណភាពខ្ពស់ ខណៈអគារ V2 Tower របស់ក្រុមហ៊ុន Sunway សម្រេចបានអត្រានៃការជួលជិត១០០ភាគរយក្នុងរយៈពេលត្រឹមតែមួយឆ្នាំ បន្ទាប់ពីសាងសង់រួចរាល់។
ជាមួយគ្នានេះ គម្រោងអគារការិយាល័យភ្លោះថ្មី “Sunway Square” ដែលមានផ្ទៃក្រឡាសរុបចំនួន១លានហ្វីតការ៉េ ហើយគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការនៅឆមាសទីពីរនៃឆ្នាំ២០២៥នេះ សម្រេចបានការកក់បន្ទប់ការិយាល័យចំនួន៥០ភាគរយរួចមកហើយសម្រាប់អគារទី១។
តម្លៃជួលការិយាល័យអគារភ្លោះ Sunway Square នេះក៏មានភាពទាក់ទាញផងដែរ ដោយមានទំហំទឹកប្រាក់ជាង៦រីងហ្គីត ក្នុងមួយហ្វីតការ៉េុំនេះបើយោងតាមរបាយការណ៍របស់ធនាគារវិនិយោគ Hong Leong Investment Bank។
ធនាគារ HLIB បានអះអាងថា ទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីកំពុងឆ្ពោះទៅរកឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ និងមានតម្លៃខ្ពស់ ដែលជំរុញឱ្យមានតម្រូវការការិយាល័យសម្រាប់ ការស្រាវជ្រាវ និងការអភិវឌ្ឍន៍។
ទន្ទឹមនឹងនោះ ស្របពេលលំហូរនៃការវិនិយោគផ្ទាល់ពីបរទេស (FDIs) មានការកើនឡើង បណ្តាក្រុមហ៊ុនពហុជាតិសាសន៍ជាច្រើនកំពុងពង្រីកទីស្នាក់ការកណ្តាល និងសាខាការិយាល័យក្នុងតំបន់បន្ថែមលើសពីការផលិត៕ប្រភព: New Strait Times៕