ដោយ: គង់ លាងហួរ
អន្តរជាតិ: ការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសសិង្ហបុរីនៅតែរក្សាបានស្ថិរភាពល្អប្រសើរក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ទោះបីជាមានភាពមិនប្រាកដប្រជាជាសកល ដែលបណ្តាលមកពីអត្រាពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក និងជម្លោះរវាងអុីស្រាអែល-អុីរ៉ង់យ៉ាងណាក្តី។
យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Knight Frank បានឱ្យដឹងថា នៅត្រីមាសទី២ លំហូរទុនវិនិយោគសរុបចូលវិស័យអចលនទ្រព្យសិង្ហបុរីសម្រេចបានទំហំទឹកប្រាក់ចំនួន៥,៨ពាន់លានដុល្លារសិង្ហបុរី កើនឡើង១,១ភាគរយធៀបនឹងត្រីមាសទី១។ ប៉ុន្តែ តួលេខនេះបានដាំក្បាលចុះចំនួន១៣,៩ភាគរយ បើប្រៀបធៀបជាមួយនឹងត្រីមាសទី២ ឆ្នាំ២០២៤។
លោក Galven Tan នាយកប្រតិបត្តិក្រុមហ៊ុន Knight Frank Singapore បានកត់សម្គាល់ថា ចំណាប់អារម្មណ៍របស់បណ្តាវិនិយោគិនក្នុងប្រទេសសិង្ហបុរីនៅតែមានសភាពរឹងមាំ។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយសារព័ត៌មាន Edgeprop។
តួយ៉ាង ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យសិង្ហបុរី City Developments Ltd (CDL) បានលក់ភាគហ៊ុនចំនួន៥០,១ភាគរយរបស់ខ្លួននៅក្នុងអគារការិយាល័យ South Beach ទៅឱ្យក្រុមហ៊ុនម៉ាឡេសុី IOI Properties Group ក្នុងតម្លៃ១,៤ពាន់លានដុល្លារសិង្ហបុរី។
ទោះជាយ៉ាងណា កិច្ចព្រមព្រៀងផ្នែកលំនៅដ្ឋានបានដាំក្បាលចុះ៥២,៣ភាគរយនៅក្នុងត្រីមាសទី២ ធៀបនឹងត្រីមាសទី១ មកនៅត្រឹមចំនួន១,៨ពាន់លានដុល្លារសិង្ហបុរី។កិច្ចព្រមព្រៀងផ្នែកលំនៅដ្ឋាន សំដៅលើការលក់ដីសម្រាប់ការអភិវឌ្ឍន៍លំនៅដ្ឋាន និងការលក់អគារលំនៅដ្ឋានទាំងមូលទៅឱ្យអ្នកវិនិយោគ។
កិច្ចព្រមព្រៀងផ្នែកពាណិជ្ជកម្មសម្រេចបានទំហំទឹកប្រាក់ប្រហែល១,៨ពាន់លានដុល្លារសិង្ហបុរីកាលពីត្រីមាសទី២ ហក់ឡើង១៧,៨ភាគរយធៀបនឹងត្រីមាសទី១។ទោះជាយ៉ាងណា តួលេខនេះបានដាំក្បាលចុះ១០,៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ប្រភព: Edgeprop៕