ការសិក្សាៈអាគារពាណិជ្ជកម្មចំនួន៤៣បានចូលរូមប្រើប្រាស់កម្មវិធី “ថាមពលឆ្លាតវៃ”

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ គិតពីឆ្នាំ២០២១ រហូតដល់ដំណាច់ឆ្នាំ២០២៤កន្លងមកនេះ មានអាគារពាណិជ្ជក​ម្មចំនួន៤៣ បានចូលរួមអនុវត្តន៍កម្មវិធីថាម​ពលឆ្លាតវៃ ដើម្បីរួមចំណែកសន្សំសំចៃ និងការប្រែប្រួលអាកាសធាតុ។

ក្រសួងបរិស្ថាន និងក្រុមហ៊ុនសិវែ(Sevea)បានដាក់ឱ្យដំណើរការជាផ្លូវការ នូវកម្មវិធី “ថាមពលឆ្លាតវៃ”(Power Wise)រដូវកាលទី៣​ ឆ្នាំ២០២៥-​២០២៦ កាលពីថ្ងៃសុក្រ ទី១១ ខែកក្កដានេះ ដើម្បីជំរុញការសន្សំសំចៃ ការប្រើប្រាស់ថា​មពលនៅអគារពាណិជ្ជកម្ម កាត់បន្ថយចំណាយ និងរួមចំណែកទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោកខ្វៃ អាទិត្យាបានថ្លែងក្នុងសន្និសីទស្តីពី ការប្រកាសដាក់ឱ្យដំ​ណើរការ​នេះថា គំនិតផ្តួចផ្តើមនៃកម្មវិធី “ថាមពលឆ្លាតវៃ” មិនត្រឹមតែផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ច គួរឱ្យកត់សម្គាល់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅ ចំពោះនិរន្តរភាពបរិស្ថានផងដែរ។

លោកបញ្ជាក់ថា “វាជាយន្តការដ៏សំខាន់មួយ ដែលកំ​ពុង​តែចូលរួមដោះស្រាយបញ្ហាការប្រែប្រួលអា​កា​ស​ធាតុ”។

លោកមានប្រសាសន៍ថា អគារដែលចូលរួមអាចសម្រេច បាននូវការសន្សំការចំណាយយ៉ាងច្រើន ដោយបង្កើនប្រសិទ្ធភាពការប្រើប្រា​ស់ថាមពល ដែលវារួមចំណែកដល់ការកាត់បន្ថយការ បំភាយឧស្ម័នផ្ទះកញ្ចក់។ ការបង្កើតរចនាសម្ព័ន្ធ ដែលមានប្រសិទ្ធភាពថាមពល កាន់តែច្រើន ផ្តល់នូវអត្ថប្រយោជន៍ភ្លាមៗ សម្រាប់អ្នកគ្រប់គ្រងអគារ កាត់បន្ថយការចំណាយ នៃការធ្វើអាជីវកម្មនៅកម្ពុជា និងទីបំផុតជំរុញបរិយាកាសវិនិយោគកាន់តែទាក់ទាញ។

គំរោង“ថាមពលឆ្លាតវៃ” ជាកម្មវិធីផ្តួចផ្តើមគំនិត និងត្រួសត្រាយផ្លូវ ដែលត្រូវបានរចនាឡើង ដើម្បីពន្លឿនប្រសិទ្ធភាពថាមពលនៅ​ក្នុង​វិស័យ​ពាណិជ្ជកម្មរបស់កម្ពុជា។ កម្មវិធីនេះ គឺជាការបោះជំហាន ដ៏សំខាន់មួយ ក្នុងការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍប្រក​បដោយចីរភាព។

លទ្ធផលជាក់ស្តែង នៅក្នុងរដូវកាលទាំង២កន្លងមក បានជួយអ្នកចូលរួម​សន្សំថាមពលជាង៤៦០,២៣៦ គីឡូវ៉ាត់ម៉ោង ដែលគិតជាទឹកប្រាក់ចំនួន៧៨,២០០ ដុល្លារអាមេរិក និងបញ្ជៀស​ការបំភាយឧស្ម័ន CO2 បានចំនួន៣៤៨​តោន។

ក្នុងរដូវកាលទី១ (២០២១​ -​ ២០២២) មានអគារពាណិជ្ជកម្មចំនួន២២ និងក្នុងរដូវកាលទី២(២០២៣​ ២០២៤)មានអគារពាណិជ្ជកម្មចំនួន២១បានចូលរួម ដែលមានបុគ្គលិកជាង៥ពាន់នាក់។

ការសិក្សាបាន​បង្ហាញ​ថា រហូតដល់៣០ភាគរយ នៃថាមពល ដែលប្រើប្រាស់ នៅក្នុងអគារពាណិជ្ជកម្មត្រូវបាន​ខ្ជះខ្ជាយ។ ជាការឆ្លើយតប ស្ថាប័នទាំង២បានបើកដំណើរការរ ដូវកាលទី៣នេះ ដោយផ្តល់ជូននូវការគាំទ្រ ផ្អែកលើលក្ខខណ្ឌជាក់ស្តែងរបស់អ្នកចូលរួម និង ការផ្តល់ជូននូវឧបករណ៍ សម្ភារឧបទេសន៍ទំនើបៗដល់អ្នកចូលរួម។​កម្មវិធីនេះផ្តល់​​នូវ​​មគ្គុទេសក៍  និង​ដំបូន្មានពីអ្នកជំនាញ ដំណោះស្រា យតាមតម្រូវការ និងជំរុញការផ្លាស់ប្តូរ​អាកប្បកិរិយា​​​ដ៏មាន​អត្ថន័យ។

លោកFrantz Vaganay នាយកក្រុមហ៊ុនសិវែបានថ្លែងថា ក្នុង  រដូវកាលកន្លងមក មានអគារពាណិជ្ជកម្មជាង៤០ចូលរួម ហើយ លោ កបានដាក់គោលដៅ ឱ្យមានអគារពាណិជ្ជកម្ម ចូលរួមកើនឡើងពី៤០ ទៅ៥០នៅក្នុងរដូវកាលទី៣នេះ​។

លោកបានឱ្យដឹងថា សម្រាប់រដូវកាលទី២ អ្នកចូលរួមប្រហែល៣០ភាគរយ គឺជាអ្នកដែលបានចូលរួមក្នុងរដូវវកាលទី១ផងដែរ។ ពួកគេបានសម្រេចចិត្ត បន្តទៅចូលរួមរដូវកាលពី២ ហើយ៧០ភាគរយទៀត គឺជាអ្នកចូលរួមថ្មី។

លោកលើកឡើងថា ប៉ុន្តែជារៀងរាល់ឆ្នាំ យើងមានអគារថ្មីមានអ្នកចូលរួមថ្មី…ជារៀងរាល់ឆ្នាំ ពួកយើងបន្តមានអគារថ្មីចូលរួម ដើម្បីជូនដំណឹងដល់បុគ្គលិកថ្មីៗ។ ដូច្នេះយើងនឹងមានអគារកាន់តែច្រើនឡើងៗតាមពេលវេលា។ ប៉ុន្តែអ្វីដែលខ្ញុំចង់ពន្យល់ដល់អ្នក គឺនេះគឺជាកម្មវិធីរយៈពេលវែង និងការប្តេជ្ញាចិត្តរយៈពេលវែង ដែលនឹងមិនគ្រាន់តែឈប់បន្ទាប់ពីរដូវកាលទី២ និង៣នោះទេ។

កម្មវិធីប្រកួតប្រជែងរដូវកាលទី៣ ទទួលបានការគាំទ្រជាផ្លូវការពីក្រសួងបរិស្ថាន និងក្រសួងរ៉ែ និងថាមពល ដោយផ្តោតលើការលើកកម្ពស់ប្រសិទ្ធភាពថាមពលនៅក្នុងប្រទេស។ ក្នុងកម្មវិធីនេះ រួមមានការប្រកួតប្រជែង នៃការសន្សំសំចៃថាមពល ដែលបម្រើជាវេទិកាមួយ ដើម្បីស្វែងយល់ពីទិដ្ឋភាពចម្រុះ នៃការប្រើប្រាស់ថាមពលប្រកប​ដោ​យប្រសិទ្ធិភាព ហើយ​ផ្តោតលើអាកប្បកិរិយាអ្នកប្រើប្រាស់ ទម្លាប់ប្រចាំថ្ងៃ និងឥរិយាបថសង្គម។

លោកខ្វៃ អាទិត្យាបានលើកឡើងថា នៅប្រទេសកម្ពុជា​អគារ និងការដ្ឋាន មានការប្រើប្រាស់ថាមពលជាងពាក់​កណ្ដាល នៃថាមពលប្រើប្រាស់សរុប។ អគារ គឺជាវិស័យមានតម្រូវការថាមពលច្រើនជាងគេ ដែលនាំមុខវិស័យឧស្សាហកម្ម និងដឹកជញ្ជូន។ ជាមួយគ្នានេះ ការប្រើប្រាស់ថាមពល នៅក្នុងអគារត្រូវបានព្យាករណ៍ថា នឹងកើនឡើងច្រើនជាង២ដង ត្រឹមឆ្នាំ២០៤០។ ដូចនេះ ក្រុមហ៊ុនមួយចំនួននៅកម្ពុជាបានចូលរួមនាំមុខ និងសម្រេចចិត្តដោះស្រាយបញ្ហានេះ តាមរយៈការចូលរួមជាមួយកម្មវិធីប្រកួតប្រជែង ប្រសិទ្ធភាពថាមពលកម្ពុជា។

លោកបញ្ជាក់ថា  “ថាមពលត្រូវបានប្រើប្រាស់ សម្រាប់ជីវភាពប្រចាំថ្ងៃ និងក្នុងការអភិវឌ្ឍន៍ តែការឆ្លើយតប ទៅនឹងនិន្នាការសកល ដែលយើងកំពុងប្រឈមនោះ គឺការប្រែប្រួលអាកាសធាតុ។ យើងឃើញថាកំដៅកើនឡើង។ ពិភពលោកកំពុងតែនាំគ្នាគិតគូ ធ្វើម៉េចកុំឱ្យអាកាសធាតុវាឡើងកំដៅ”។

លោកបន្ថែមថា ការប្រកួតប្រជែង ក្នុងកម្មវិធីនេះ បានរកឃើញអ្នក ដែលបានចូលរួមមានការប្តេជ្ញាចិត្ត ក្នុងការចូលរួមចំណែកការកាត់បន្ថយការប្រើប្រាស់ថាមពល។ តាមរយៈការប្រកួតប្រជែងកន្លងមក ឃើញថា អគារបានសន្សំសំចៃថាមពលចន្លោះពី១០ ទៅ២៥ភាគរយ។

ក្រៅពីគុណសម្បត្តិសេដ្ឋកិច្ច និងអត្ថប្រយោជន៍បរិស្ថាន ប្រសិទ្ធភាពថាមពល គឺជាឧបករណ៍ យុទ្ធសាស្ត្រសម្រាប់បង្កើនភាពធន់នៃសេដ្ឋកិច្ចកម្ពុជា។ ការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ មិនអាចធ្វើទៅដោយជោគជ័យនោះទេ បើគ្មានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ដូចជាពីវិស័យឯកជន ស្ថាប័ន អង្គការ និងប្រជាជន។

កម្មវិធីនេះ បានបង្ហាញពីការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ ប្រសិទ្ធភាពថាមពល តាមរយៈគោលនយោបាយ និងគំនិតផ្តួចផ្តើមដូចជា គោលនយោបាយជាតិ ស្តីពីប្រសិទ្ធភាពថាមពលឆ្នាំ ២០២២-២០៣០ ដែលមានគោលដៅ គឺកាត់បន្ថយការប្រើប្រាស់ថាមពលចំនួន១៩ភាគរយ នៅឆ្នាំ២០៣០។

ដោយស្របតាម ផែនការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអា​កាសធាតុ (NDC) យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ កម្មវិធីនេះដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រេចបាននូវគោលដៅមហិច្ឆតា ឆ្នាំ២០៥០របស់ប្រទេសកម្ពុជា។

លើសពីនេះ តាមរយៈការអនុវត្តគោលនយោបាយ ប្រសិទ្ធភាពថាមពលជាតិ(NEEP) ការប្រកួតប្រជែង គាំទ្រដោយផ្ទាល់ដល់គោលបំណងកាត់បន្ថយ ថាមពលនៅក្នុងអគារពាណិជ្ជកម្ម។

ក្រសួងបរិស្ថាន និង ក្រុមហ៊ុនសិវែ បានអំពាវនាវដល់ម្ចាស់អគារពាណិជ្ជកម្ម ស្ថាប័នដែល​ជួលក្នុងអគារ​ រួមមានក្រុមហ៊ុនឯកជន អង្គការមិនមែនរដ្ឋាភិបាល គ្រឹះស្ថាន​ និងសាលារៀន​ សូមចុះឈ្មោះ ក្នុងកម្មវិធីនេះ ដើម្បីសន្សំសំចៃថវិកា បង្កើនភាពប្រកួតប្រជែង និងតាំងខ្លួនជាអ្នកដឹកនាំ ផ្នែកចីរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here