ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យរបស់ប្រទេសឥណ្ឌាកំពុងទទួលបានសន្ទុះកាន់តែខ្លាំងឡើង ខណៈទីផ្សារបានបង្ហាញសញ្ញាសុទិដ្ឋិនិយមមួយចំនួន រួមមានដូចជា ការសម្រេចបានកំណើនក្នុងការលក់លំនៅដ្ឋាន មុនពេលសាងសង់រួចរាល់ (Pre-sale)។
បច្ចុប្បន្ន បណ្តាវិនិយោគិនកំពុងមានចំណាប់អារម្មណ៍ខ្ពស់ចំពោះសក្តានុពលក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសឥណ្ឌា។ ជាមួយគ្នានេះ បណ្តាក្រុមហ៊ុនអចលនទ្រព្យធំៗ ដូចជា ក្រុមហ៊ុន DLF ក្រុមហ៊ុន Prestige Group និងក្រុមហ៊ុន Lodha Group គ្រោងបើកដំណើរការលក់គម្រោងលំនៅដ្ឋានថ្មីៗបន្ថែមទៀតនាពេលឆាប់ៗខាងមុខ។
លោក Harsh Wardhan Modi អ្នកវិភាគនៅធនាគារ JPMorgan Chase ជឿជាក់ថា “បណ្តាអ្នកអភិវឌ្ឍន៍ធំៗ ដែលមានស្ថានភាពហិរញ្ញវត្ថុ និងផលបត្ររឹងមាំ អាចនឹងបន្តទទួលបានអត្ថប្រយោជន៍ពីតម្រូវការវិជ្ជមានរយៈពេលវែងនៃទីផ្សារអចលនទ្រព្យនៅប្រទេសឥណ្ឌា”។
ក្រុមហ៊ុន DLF បានអះអាងថា ខ្លួនសម្រេចបានទំហំទឹកប្រាក់ចំនួន១០០ពាន់លានរូពី(Rupee)ពីការលក់ផ្ទះក្នុងរយៈពេលត្រឹមតែ១សប្តាហ៍កាលពីខែមិថុនា ខណៈក្រុមហ៊ុនអចលនទ្រព្យ Prestige សម្រេចបានអត្រាកំណើននៃការកក់លំនៅដ្ឋានខ្ពស់បំផុតនៅក្នុងត្រីមាសទី២។
លោក Puneet Gulati អ្នកវិភាគនៅធនាគារ HSBC បានលើកឡើងថា “ចំនួនលំនៅដ្ឋានលក់មិនដាច់.(Unsold home) របស់បណ្តាអ្នកអភិវឌ្ឍន៍ទាំងនេះមានកម្រិតទាបណាស់ និងមានស្ថានភាពហិរញ្ញវត្ថុរឹងមាំ ដែលធ្វើឱ្យពួកគេមានសមត្ថភាពក្នុងការរក្សាតម្លៃ និងអាចប្រកួតប្រជែងលើទីផ្សារ”៕ប្រភព: Bloomberg៕