ដោយ គង់ សូរិយា
ភ្នំពេញ៖ ក្រុមអ្នកជំនាញ និងប្រតិបត្តិករទេសចរណ៍មកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ឥណ្ឌា ចិន សហរដ្ឋអាមេរិក សហព័ន្ធរុស្ស៊ី បានបញ្ចប់ជំនួបពាណិជ្ជកម្មទេសចរណ៍លើកទី២ (2nd Biz Fair 2019) ជាមួយគ្នានៅប្រទេសកម្ពុជា ប្រកបដោយភាពជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ។

ជំនួបពាណិជ្ជកម្មទេសចរណ៍លើកទី២នេះ ត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍កម្ពុជា សហការជាមួយសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣-២៦ ខែមេសា ឆ្នាំ២០១៩កន្លងមកនេះ ដោយមានការចូលរួមពីសំណាក់ក្រុមហ៊ុនជាង៤០ មកពីតំបន់អាស៊ាន ឥណ្ឌា ចិន អាមេរិក និងរុស្ស៊ី។
-->
នៅក្នុងកម្មវិធីបិទព្រឹត្តិការណ៍ជំនួបពាណិជ្ជកម្មទេសចរណ៍លើកទី២ ដែលធ្វើឡើងនារាត្រីថ្ងៃទី២៦នេះ តំណាងប្រទេស ក្រសួង ស្ថាប័ន និងក្រុមហ៊ុននីមួយៗ បានបង្ហាញនូវភាពសប្បាយរីករាយយ៉ាងខ្លាំង ជាមួយនឹងភាពជោគជ័យនៃការជួបគ្នានៅក្នុងព្រឹត្តិការណ៍អន្តរជាតិនេះ។
អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍លោក សូ វិសុទ្ធីក្នុងនាមតំណាងលោករដ្ឋមន្ត្រី ថោង ខុន រួមជាមួយលោក ធួន ស៊ីណាន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទជំនួបពាណិជ្ជកម្មទេសចរណ៍លើកទី២នេះ នៅរាជធានីភ្នំពេញ។
តាមរយៈដំណើរទស្សនកិច្ចនេះ បានធ្វើឱ្យក្រុមហ៊ុនបរទេសសិក្សាស្វែងយល់ពីគោលដៅទេសចរណ៍សំខាន់ៗ នៅខេត្តសៀមរាប-អង្គរ តំបន់ប្រាសាទសំបូរព្រៃគុក នៃខេត្តកំពង់ធំ រាជធានីភ្នំពេញ ព្រមទាំងតំបន់ឆ្នេរសមុទ្រផងដែរ។

ព្រមជាមួយនោះ តំណាងប្រទេស ស្ថាប័ន និងក្រុមហ៊ុននីមួយៗក៏ទទួលបានការយល់ដឹងអំពីវប្បធម៌ សិល្បៈ ប្រពៃណីដ៏សម្បូរបែបនៅកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ និងការផ្តល់បដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ ការជំរុញចំណងសាមគ្គីភាព មិត្តភាពរវាងគ្នា៕