រដ្ឋាភិបាលបានអនុម័តគំរោងចំនួន៣៣១រួចហើយ បន្ទាប់ពីដាក់ចេញកម្មវិធីជម្រុញការវិនិយោគនៅខេត្តព្រះសីហនុ

0

ដោយៈ គង់ សូរិយា

    ព្រះសីហនុៈ  គិតរហូតមកទល់ពេលនេះ រដ្ឋាភិបាលបានអ​នុម័តគំរោងវិនិយោគចំនួន៣៣១នៅខេត្ត​ព្រះសីហនុ​ តាមរយៈកម្មវិធីជម្រុញការវិនិយោគនៅខេត្តមួយនេះ។

ក្នុងចំណោមគំរោងទាំង​នោះ ​មាន​ជិត​ពាក់​កណ្តាល ជា​គម្រោង​ដែល​​​ជាប់​គាំង​នា​ពេល​កន្លង​មក​​។​

ដើម្បី​ជំរុញ​ឱ្យ​សកម្មភាព​សាងសង់​អគារ ​​​​​ដែល​ជាប់​គាំងនៅ​​​ខេត្ត​ព្រះសីហនុ​មាន​ដំណើរ​ការ​ឡើង​វិញ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​ “កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ​” ដែល​​កម្ម​វិធី​នេះ ​​នឹងផ្តល់​ឱ្យ​អ្នក​វិនិយោគ ​នូវ​ការលើកទឹកចិត្តពិសេស​ជាច្រើន ​ដូច​ជា ការអនុគ្រោះ និងការសម្រួលនីតិវិធី​មួយ​ចំនួន​ក្នុង​ក្របខណ្ឌកម្មវិធី​ពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។ កម្ម​វិធី​នេះ ​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​ក្នុង​​​ឆ្នាំ​២០២៤ និង​​បន្ត​រហូត​ដល់​ឆ្នាំ​២០២៥ នេះ​​។

ក្នុង​កិច្ច​ប្រជុំក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុដែល​ប្រព្រឹត្តិទៅ​​កាល​ពី​ថ្ងៃ​ទី​២១ ខែ កក្កដា ឆ្នាំ ២០២៥ លោក អ៊ឹម សុខធី ប្រធានលេខាធិការដ្ឋានក្រុមការងារ ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បាន​ឱ្យ​ដឹង​ថា បើ​គិតចាប់ពីឆ្នាំ​២០២៤ ដល់​ខែ​មិថុនា ឆ្នាំ ២០២៥ ក្រុមការងារជំរុញការវិនិយោគក្នុង​ខេត្ត​ព្រះសីហនុ បានសម្រេច​ផ្តល់ការលើកទឹកចិត្ត ជូនដល់គម្រោងវិនិយោគសរុបចំនួន ៣៣១​ គម្រោង និង​បានខិតខំ​ប្រឹងប្រែងធ្វើ​ការ​ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ​​ ដើម្បី​​អនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគ ព្រម​ទាំង​បង្កើនជំនឿទុក​ចិត្ត​ដល់​អ្នក​វិនិយោគ ​គ្រប់​ជាតិ​សាសន៍​ដែល​មាន​បំណង ឬ​កំពុង​វិនិយោគ​​ក្នុង​ខេត្ត​ព្រះសីហនុ​។

លោក​បន្ត​ថា ក្នុងចំណោមគម្រោងទាំង៣៣១ គឺ​មានគម្រោងពាក់ព័ន្ធអគារជាប់គាំងចំនួន​១៥៣គម្រោង គម្រោងមិន​ពាក់ព័ន្ធអគារជាប់គាំង(គម្រោងថ្មី)១៤២គម្រោង គម្រោងពង្រីកថ្មីចំនួន២៤គម្រោ​ង និង​គម្រោងមានស្រាប់១២​គម្រោង​។ ក្រៅ​ពីផ្ត​ល់ការលើកទឹកចិត្តពិសេសចំពោះ​គម្រោង​ទាំង៣៣១ ក្រុម​ការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក៏​បាន​ធ្វើ​សកម្ម​ភាព​ជាច្រើន​ទៀត ​ក្នុង​ន័យ​ដើម្បី​​ប្រែក្លាយបញ្ហាប្រឈម ទៅជាកាលានុវត្តភាព​។

លោកបាន​បន្តថា ​ក្រៅពីការសម្រេចផ្តល់ការ លើកទឹកចិត្តពិសេ​សជាគោលការណ៍ ក្រុមការងារ​ក៏​បានសម្របសម្រួល ចុះបញ្ជីសហគ្រាស សម្របសម្រួលធ្វើផ្លូវ លូ ផ្តល់លិខិតអនុញ្ញាតសាងសង់ អាជ្ញាបណ្ណទេសចរណ៍ អាជ្ញាបណ្ណអាជីវកម្មអចលន​វត្ថុ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រៀបចំវេទិកាទាក់ទាញ​ ដោយសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ផ្តល់ការប្រឹក្សាយោបល់ និង​ការសម្របសម្រួលដោះស្រាយសំណូមពរផ្សេងៗរបស់វិនិយោគិន និងធុរជន​ទាំងខ្មែរ និង​បរទេស។

ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា លោកយិន លាងគង់បានថ្លែងថា តាមរយៈកញ្ចប់លើកទឹកចិត្តជាច្រើនរបស់រដ្ឋាភិបាល ដល់វិនិយោគិនជាតិ អន្តរជាតិ គួបផ្សំជាមួយសក្តានុពលមូលដ្ឋាន ខេត្តព្រះសីហនុ ប្រៀបដូចជាមេដែកឆក់មួយ ដែលទាក់ទាញការវិនិយោគ សម្រាប់អ្នកធុរកិច្ចដែលមានចក្ខុវិស័យច្បាស់លាស់ និងមានផែនការអភិវឌ្ឍន៍រយៈពេលវែង។

លោកបន្តថា “កម្មវិធីជម្រុញការវិនិយោគ នៅខេត្តព្រះសីហនុ ប្រៀបបាននឹងដុំមាសមួយសដុំ ដែលរដ្ឋាភិបាលផ្តល់ឲ្យអ្នកវិនិយោគជាតិ អន្តរជាតិចាប់យក”។ លោកបន្ថែមថា “ការប្រែក្លាយ ខេត្តនេះជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង បាននិងកំពុងធ្វើឲ្យខេត្តនេះកាន់តែទាក់ទាញសម្រាប់អនាគតដ៏ត្រចះត្រចង់មួយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here