ដោយៈ ចំណាន
ភ្នំពេញៈ លោកHiroshi Uematsu នាយកប្រតិបត្តិក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញបានបង្ហើបថា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបគ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយនៅក្នុងខេត្តកំពង់ធំ។
លោកលើកឡើងបែបនេះ ក្នុងឱកាសលោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានអនុញ្ញាត្តឲ្យលោក និងប្រតិភូក្រុមហ៊ុនជួបពិភាក្សាការងារ។
បន្ទាប់ពីមតិស្វាគមន៍របស់លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា លោក Hiroshi Uematsu បានថ្លែងអំណរគុណ និងសម្តែងនូវការកោតសរសើរ ចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលតែងតែផ្តល់កិច្ចសហការ និង ការគាំទ្រយ៉ាងល្អប្រសើរ ដល់សកម្មភាពធុរកិច្ចរបស់ក្រុមហ៊ុន ជាពិសេសការយកចិត្តទុកដាក់របស់ លោកអគ្គលេខាធិការចំពោះការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ។
លោកក៏បានជម្រាបជូនអំពីវឌ្ឍនភាព នៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ដែលមានកំណើននៃការនាំចេញជាបន្តបន្ទាប់ និងការត្រៀមរៀបចំពិធីអបអរសាទរខួប២០ឆ្នាំ នៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការទាក់ទាញវិនិយោគ និងជំរុញសកម្មភាពសេដ្ឋកិច្ចនៅកម្ពុជា។
ជាមួយគ្នានេះ លោកក៏បានជម្រាបជូន អំពីការគិតគូរអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតនៅខេត្តកំពង់ធំផងដែរ។

លោកអគ្គលេខាធិការបានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញនិងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនខិតខំជំរុញល្បឿន នៃដំណើរការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសថ្មី ស្ថិតនៅខេត្តកំពង់ធំ ដែលក្រុមហ៊ុនបានចុះអនុស្សារណៈយោគយល់គ្នាជាមួយរដ្ឋបាលខេត្តកំពង់ធំ ដើម្បីពង្រីកសកម្មភាពវិនិយោគ និងរួមចំណែកបន្ថែមទៀតដល់ការអភិឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ក៏ដូចជា លើកកម្ពស់បរិស្ថានវិនិយោគនៅកម្ពុជា។
បន្ថែមលើនេះ លោកអគ្គលេខាធិការក៏បានស្នើឱ្យក្រុមហ៊ុនគិតគូរវិនិយោគកែច្នៃកសិផលមួយចំនួន ដែលមានសក្តានុពលខ្ពស់ ដូចជា ដំទ្បូងមី ស្រូវអង្ករ និងកៅស៊ូ ដើម្បីបង្កើនតម្លៃបន្ថែមក្នុងស្រុក បង្កើតឱកាសការងារ ជំរុញការនាំចេញ និងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីសក្តានុពលធនធានកសិកម្មរបស់កម្ពុជា។
មួយវិញទៀត លោកជា វុទ្ធីបានទាញចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការវិនិយោគ ក្នុងឧស្សាហកម្មឈើដាំ ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមដល់ឧស្សាហកម្មផលិតគ្រឿងសង្ហារិម ឧស្សាហកម្មផលិតក្តារបន្ទះ ដែលបច្ចុប្បន្នកំពុងមានតម្រូវ និងទៅអនាគតក៏នឹងកាន់តែមានតម្រូវការខ្ពស់៕







