មន្រ្តី​ជាន់​ខ្ពស់​បើក​កិច្ច​សន្ទនា​លើក​ទី៥ ​រវាងរដ្ឋ​និង​វិស័យ​ឯកជន​ កម្ពុជា​-អឺរ៉ុប​

ចែករំលែក

ដោយៈ ចំណាន

   ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញជាសហប្រធានរួមជាមួយ លោក Igor Driesmansឯកអគ្គរដ្ឋទូត ប្រធានប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំកិច្ចសន្ទនាលើកទី៥ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-អឺរ៉ុប។

កិច្ចសន្ទនានេះមានការចូលរួមពី ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាននៃ ក.អ.ក., ថ្នាក់ដឹកនាំគណៈកម្មាធិការវិនិយោគកម្ពុជានៃ ក.អ.ក., តំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធ, ប្រធាន អនុប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EUROCHAM) ព្រមទាំងសមាជិក សមាជិកា,តំណាងវិស័យឯកជន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

នៅក្នុងប្រសាសន៍បើកកិច្ចសន្ទនា លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសមិទ្ធផលការងារ និងទិសដៅយុទ្ធសាស្ត្រសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់បរិយាកាសវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្មនានា ក្នុងនោះដែរ ឯកឧត្តមបានធ្វើការកត់សម្គាល់ដោយក្តីសោមនស្សចំពោះ វឌ្ឍនភាពជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការ លើការងារភស្តុភារកម្មរវាងភាគីទាំងពីរ ដែលជាចលករយ៉ាងសំខាន់ក្នុងការជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ និងការតភ្ជាប់ពាណិជ្ជកម្ម ឱ្យកាន់តែមានប្រសិទ្ធភាព និងភាពប្រកួតប្រជែងខ្ពស់។

លោកបានបញ្ជាក់ថា “បើទោះជាស្ថានភាពសេដ្ឋកិច្ចសកលលោ​ក កំពុងប្រឈមនឹងភាពមិនប្រាកដប្រជាយ៉ាងណាក៏ដោយ កម្ពុជានៅតែបន្តបេសកកម្មយ៉ាងសកម្មក្នុងការទាក់ទាញ និងជំរុញការវិនិយោគផ្ទាល់ពីបរទេស (FDI)ដោយផ្ដល់នូវបរិយាកាសវិនិយោគ ដែលមានភាពអំណោយផល ស្ថិរភាព និងភាពព្យាករណ៍បាន”។

បន្ថែមពីនោះ លោកស៊ុន ចាន់ថុល ក៏បានចែករំលែកអំពីវឌ្ឍនភាពនៃការពង្រីកវិសាលភាព កំពង់ផែសមុទ្រទឹកជ្រៅនៅក្រុងព្រះសីហនុ ដែលដំណាក់កាលទី១ គ្រោងនឹងបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៧ ខាងមុខ។ តាមរយៈសមិទ្ធផលនេះ ត្រូវបានរំពឹងថានឹងជួយកាត់បន្ថយថ្លៃដើម នៃការដឹកជញ្ជូនតាមផ្លូវសមុទ្របានប្រមាណ៣០% ដែលជាកត្តាយុទ្ធសាស្ត្រមួយ ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិផងដែរ។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត ប្រធានប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានថ្លែងអំណរគុណជាថ្មីជូនចំពោះភាគីកម្ពុជា ដែលបានបន្តរៀបចំ និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជននេះឡើង។

លោកបានវាយតម្លៃខ្ពស់ថា កិច្ចសន្ទនានេះគឺជាវេទិកាដ៏មានសារប្រយោជន៍ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការដោះស្រាយបញ្ហាប្រឈម ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងផ្នែករដ្ឋ និងវិស័យឯកជនអឺរ៉ុបនៅកម្ពុជា។

ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការស្វាគមន៍ដោយក្តីរីករាយ និងបង្ហាញសុឆន្ទៈក្នុងការផ្តល់កិច្ចគាំទ្រនានា ចំពោះ ផែនការបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគ (Investment Roadshow)នៅបណ្តាប្រទេសក្នុងសហភាពអឺរ៉ុប ដែល ក.អ.ក. ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងរៀបចំឡើង នាពេលខាងមុខ។

លោកគូសបញ្ជាក់ថា ជោគជ័យនៃបេសកកម្មយុទ្ធសាស្ត្រនេះ នឹងត្រូវស្តែងចេញ តាមរយៈកំណើននៃទំហំការវិនិយោគផ្ទាល់ ពីបរទេ ស (FDI) របស់វិនិយោគិនអឺរ៉ុប មកកាន់ព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត ដែលនេះជាសញ្ញាណដ៏វិជ្ជមាន ឆ្លុះបញ្ចាំងពីទំនុកចិត្តកាន់តែខ្លាំងឡើងលើបរិយាកាសវិនិយោគនៅកម្ពុជា។

លោក Igor Driesmans ក៏បានរំលេចអំពីខួបលើកទី២៥ នៃការអនុវត្តគំនិតផ្តួចផ្តើម “ការអនុគ្រោះពន្ធទាំងអស់លើកលែងតែសព្វា​វុធ” របស់សហភាពអឺរ៉ុប ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក។

បន្ថែមលើសពីនេះ លោក បានសម្តែងនូវក្តីរំពឹងទុកយ៉ាងមុតមាំចំពោះ កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការរៀបចំនិងឆ្ពោះទៅរក ក្រប​ខ័ណ្ឌប្រព័ន្ធអនុគ្រោះពន្ធGSP+ នាពេលអនាគត ដែលនឹងក្លាយជាកាតាលីករយុទ្ធសាស្ត្របន្ថែមទៀត ក្នុងការលើកកម្ពស់សក្តានុពលនីហរ​ណកម្ម និងការទាក់ទាញទុនវិនិយោគផ្ទាល់ពីអឺរ៉ុបមកកាន់កម្ពុជា។

នៅក្នុងកិច្ចសន្ទនាលើកទី៥នេះ ភាគីទាំងពីរបានធ្វើការពិភាក្សាជុំវិញប្រធានបទជាអាទិភាព ដោយផ្តោតលើលទ្ធផលការងារដែលសម្រេចបាន តាមរយៈកិច្ចសន្ទនាទាំង៤លើក កន្លងមក និងពិភាក្សាផ្លាស់ប្តូរយោបល់បន្ថែម លើវឌ្ឍនភាពការងារដែលកំពុងបន្ត និងទិសដៅសកម្មភាពការងារបន្ទាប់ដែលគ្រោងនឹងអនុវត្តន៍៕


ចែករំលែក