ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិនិត្យគម្រោងវិនិយោគ និងធុរកិច្ច ចំនួន១៤ក្រោមទុនវិនិយោគជាង២៣៧លានដុល្លារ។
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំក្រុមការងារលើកទី២៨ ដើម្បីពិនិត្យគម្រោងវិនិយោគ និងធុរកិច្ចចំនួន១៤ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័ន និងរដ្ឋបាលខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។
គម្រោងទាំងនេះរួមមាន៖ គម្រោងអគារពហុមុខងារ គម្រោងសណ្ឋាគារ សួនឧស្សាហកម្ម ភណ្ឌាគារគយមានដែនកំណត រោងចក្រផលិតក្តារបន្ទះគ្រប់ប្រភេទ រោងចក្រផលិតកាវ រោងចក្រផលិតឧបករណ៍ពេទ្យ, ក្រោមទុនវិនិយោគជាង២៣៧លានដុល្លារអាម៉េរិក ដែលអាចបង្កើតឱកាសការងារ ប្រមាណ២៧០០កន្លែង។
គិតចាប់ពីឆ្នាំ ២០២៤ ដល់ខែ តុលា ឆ្នាំ២០២៦ ក្រុមការងារបានសម្រេចផ្តល់ការលើកទឹកចិត្ត និងការសម្រួលនីតិវិធី ដល់គម្រោងសរុប៥១១គម្រោង មានទុនវិនិយោគប៉ាន់ស្មាន៨,៥ ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារជាង៦ ម៉ឺនកន្លែង។គម្រោងទាំង៥១១នេះ រួមមាន៖ គម្រោងពាក់ព័ន្ធអគារជាប់គាំងចំនួន ២១៨ គម្រោងពុំពាក់ព័ន្ធអគារជាប់គាំង ឬគម្រោងថ្មីចំនួន២៥២ គម្រោងពង្រីកចំនួន២៦ និងគម្រោងមានស្រាប់ចំនួន១៥។
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប មានប្រសាសន៍ថា ក្រៅពីការផ្ដល់ការអនុម័ត លើកទឹកចិត្តគម្រោងវិនិយោគ និងធុរកិច្ច ក្រុមការងារ បាន និងកំពុងដឹកនាំ សម្របសម្រួលការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។

ផ្អែកតាមនេះ ក្រុមការងារមានតួនាទីជា “ច្រកចេញចូលតែមួយ” ក្នុងការពិនិត្យសម្រេច ផ្តល់ការលើកទឹកចិត្តពិសេស ផ្ដល់សេវាថែទាំវិនិយោគ បន្តនីតិវិធីផ្ដល់ការលើកទឹកចិត្តជាក់ស្ដែង ផ្តល់ការប្រឹក្សាយោបល់ និងធ្វើការផ្សព្វផ្សាយប្រកបដោយបុរេសកម្ម ឆាប់រហ័ស និងមានតម្លាភាព ដើម្បីជំរុញការវិនិយោគ លើគម្រោងអគារជាប់គាំង និង គម្រោងក្នុងវិស័យឧស្សាហកម្ម កសិកម្ម និង ទេសចរណ៍ ក្រោមកិច្ចសហការស្អិតរមួត និងធ្វើការរួមគ្នារបស់ក្រសួងស្ថាប័ន និងរដ្ឋបាលខេត្តព្រះសីហនុ។
លោកបណ្ឌិតសភាចារ្យ បានគូសរំលេចបន្ថែមអំពីការងារសំខាន់ៗដែលក្រុមការងារត្រូវរៀបចំបន្ត រួមមាន៖ ការរៀបចំរបាយការណ៍វាយតម្លៃលើការបន្តអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ” ក្នុងឆ្នាំ២០២៦ ការចងក្រងឯកសារសំខាន់ៗ ដែលក្រុមការងារ ក្រសួងស្ថាប័ន និង អង្គភាពពាក់ព័ន្ធ បានរៀបចំក្នុងរយៈពេល ៣ ឆ្នាំ (២០២៤-២០២៦) ការផលិតវីដេអូស្ដីពី លទ្ធផលការងាររយៈពេល៣ឆ្នាំរបស់ក្រុមការងារ និងការធ្វើបច្ចុប្បន្នភាពស្ថានភាពគម្រោង ដែលបានទទួលគោលការណ៍លើកទឹកចិត្ត ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តគម្រោង និងដោះស្រាយបញ្ហាប្រឈមនានា ឱ្យបានទាន់ពេល សំដៅធានាប្រសិទ្ធភាព ក្នុងការជំរុញការវិនិយោគ ឱ្យស្របតាមគោលដៅនៃកម្មវិធីពិសេស។
ជាមួយនេះ លោកបណ្ឌិតសភាចារ្យ បានស្នើក្រសួងស្ថាប័នពាក់ព័ន្ធ បន្តផ្តល់កិច្ចសហការ និងអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ដោយប្រសិទ្ធភាព និងតម្លាភាព ដើម្បីជំរុញការវិនិយោគ និងលើកកម្ពស់ការអភិវឌ្ឍ ក្នុងខេត្តព្រះសីហនុ តាមរយ: ការរួមគ្នាដោះស្រាយបញ្ហាជាកញ្ចប់ ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” និងការលើកស្ទួយស្មារតី “ឧត្តមនិយម” នៃផលប្រយោជន៍រួមជាចំបង ៕







