(ព្រះសីហនុ)៖ ភ្ញៀវទេសចរជាង៨០នាក់ មកពីទីក្រុងគុនមីង ប្រទេសចិន តាមជើងហោះហើរត្រង់ពីប្រទេសចិន បានមកចុះចតនៅព្រលាន អន្តរជាតិខេត្តព្រះសីហនុ ដែលជើងហោះហើរត្រង់ បានចាប់ផ្ដើមដំណើរការឡើងវិញ បន្ទាប់ពីមានការអាក់ខាននាពេលកន្លងមក។
ក្នុងឱកាសនេះ លោក សុខ ភា អភិបាលរងខេត្តព្រះសីហនុ បានថ្លែងថា នៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ២០៖០០នាទីយប់ ការមកដល់របស់ជើងហោះហើរត្រង់នេះ បញ្ជាក់ឲ្យឃើញពីរទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរកម្ពុជា-ចិន ហើយបានឈានដល់បើកដំណើរការផ្លូវហោះហើរថ្មីតភ្ជាប់ទីក្រុងគុនមីង មកកាន់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បន្ថែមលើសេវាកម្មបច្ចុប្បន្នរបស់ខ្លួនមក
ពីទីក្រុងវូស៊ី។
លោកបានលើកឡើងទៀតថា ខេត្តព្រះសីហនុមានសក្កានុពលជាច្រើន ក្នុងការទាក់ទាញភ្ញៀវទេសចរ មកពីបណ្ដាប្រទេសនានា លើពិភពលោក ព្រោះខេត្តមានហេដ្ឋារចនាសម្ព័ន្ធល្អ មានឆ្នេរសមុទ្រល្អ ស្រស់ស្អាតទាំងនៅលើ ដីគោក ដីកោះ ធនធានជីវៈចម្រុះបាតសមុទ្រ តំបន់ទឹកធ្លាក់ ឧទ្យានជាតិព្រៃកោងកាងជាដើម។
ខេត្តព្រះសីហនុ គឺជាមជ្ឈមណ្ឌលឧស្សាហកម្មពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម រួមទាំងមាន ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគោក ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាសនិងផ្លូវល្បឿនលឿន មិនតែប៉ុណ្ណោះខេត្តព្រះសីហនុ ក៏មានកំពង់ផែទឹកជ្រៅ តែមួយគត់របស់ប្រទេសកម្ពុជា សម្រាប់នាវាតូចធំគ្រប់ប្រភេទចូលចត និងដឹកទំនិញទៅកាន់បណ្ដាប្រទេសលើពិភពលោក មានភាពងាយស្រួលផងដែរ។
ក្នុងនាមរដ្ឋបាលខេត្ត លោកអភិបាលរងខេត្តសូមអំពាវនាវ អ្នកវិនិយោគភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ មកកាន់ខេត្តព្រះសីហនុ ព្រោះខេត្តមានសុវត្ថិភាព សន្តិសុខល្អ ហើយរដ្ឋបាលខេត្តនិងខិតខំទំនាក់ទំនងល្អ ជាមួយខេត្តនៅក្នុងប្រទេសចិន ដើម្បីកៀរគរអ្នកវិនិយោគ និងទេសចរណ៍ មានជើងហោះហើរត្រង់មកខេត្តព្រះសីហនុ កាន់តែច្រើននៅពេលខាងមុខនេះ៕