(ព្រះសីហនុ)៖ ភ្ញៀវទេសចរជាង៨០នាក់ មកពីទីក្រុងគុនមីង ប្រទេសចិន តាមជើងហោះហើរត្រង់ពីប្រទេសចិន បានមកចុះចតនៅព្រលាន អន្តរជាតិខេត្តព្រះសីហនុ ដែលជើងហោះហើរត្រង់ បានចាប់ផ្ដើមដំណើរការឡើងវិញ បន្ទាប់ពីមានការអាក់ខាននាពេលកន្លងមក។
ក្នុងឱកាសនេះ លោក សុខ ភា អភិបាលរងខេត្តព្រះសីហនុ បានថ្លែងថា នៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ២០៖០០នាទីយប់ ការមកដល់របស់ជើងហោះហើរត្រង់នេះ បញ្ជាក់ឲ្យឃើញពីរទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរកម្ពុជា-ចិន ហើយបានឈានដល់បើកដំណើរការផ្លូវហោះហើរថ្មីតភ្ជាប់ទីក្រុងគុនមីង មកកាន់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បន្ថែមលើសេវាកម្មបច្ចុប្បន្នរបស់ខ្លួនមក
ពីទីក្រុងវូស៊ី។
លោកបានលើកឡើងទៀតថា ខេត្តព្រះសីហនុមានសក្កានុពលជាច្រើន ក្នុងការទាក់ទាញភ្ញៀវទេសចរ មកពីបណ្ដាប្រទេសនានា លើពិភពលោក ព្រោះខេត្តមានហេដ្ឋារចនាសម្ព័ន្ធល្អ មានឆ្នេរសមុទ្រល្អ ស្រស់ស្អាតទាំងនៅលើ ដីគោក ដីកោះ ធនធានជីវៈចម្រុះបាតសមុទ្រ តំបន់ទឹកធ្លាក់ ឧទ្យានជាតិព្រៃកោងកាងជាដើម។
 
             
 
 
 

 
 
 

 
 






 
 
