វៀតណាមក្លាយជាគោលដៅដ៏មានសក្តានុពលសម្រាប់ការវិនិយោគអចលនទ្រព្យផ្នែកឧស្សាហកម្ម

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បច្ចុប្បន្ន ប្រទេសវៀតណាមបានក្លាយជាគោលដៅប្រកួតប្រជែងដ៏មានសក្តានុពលសម្រាប់ការវិនិយោគអចលនទ្រព្យផ្នែកឧស្សាហកម្ម ដោយជាប់ចំណាត់ថ្នាក់ជាប្រទេសមួយ ដែលមានតម្លៃជួលឃ្លាំង ឬរោងចក្រ តម្លៃកម្លាំងពលកម្ម និងតម្លៃថាមពលសមរម្យបំផុតក្នុងពិភពលោក។

យោងតាមរបាយការណ៍ ដែលសិក្សាដោយក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Cushman & Wakefield បានរកឃើញថា ប្រទេសវៀតណាមបានលេចត្រដែតឡើងជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេស ដែលមានថ្លៃដើមនៃការវិនិយោគសមរម្យបំផុតនៅទូទាំងពិភពលោក។

បើទោះបីជាតម្លៃជួលអចលនទ្រព្យឧស្សាហកម្មនៅប្រទេសវៀតណាមបានហក់ឡើងចំនួន៧០ភាគរយរាប់ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៥នេះយ៉ាងណាក្តី ក៏ទំហំថ្លៃដើមសរុបនៃការវិនិយោគនៅវៀតណាមនៅតែមានភាពទាក់ទាញបើធៀបទៅនឹងបណ្តាប្រទេសនានាក្នុងតំបន់។

តួយ៉ាង ការជួលអចលនទ្រព្យផ្នែកដឹកជញ្ជូនមានតម្លៃជាមធ្យមប្រមាណ៥,៣ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េក្នុងមួយខែនៅទីក្រុងហាណូយ និងចំនួន៤,៩ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េក្នុងមួយខែនៅទីក្រុងហូជីមិញ។

ប្រតិបត្តិការនៃឧស្សាហកម្មដឹកជញ្ជូន និងផលិតកម្មនៅតែពឹងផ្អែកខ្លាំងលើធនធានមនុស្ស។ សក្តានុពលកម្លាំងពលកម្មច្រើន និងមានតម្លៃសមរម្យជាកត្តាសំខាន់ ដែលជះឥទ្ធិពលលើការជ្រើសរើសទីតាំង និងយុទ្ធសាស្ត្រវិនិយោគ។

តម្លៃពលកម្មនាពេលបច្ចុប្បន្ននៅប្រទេសវៀតណាមមានកម្រិតទាបជាងប្រាក់ឈ្នួលមធ្យមរបស់ពិភពលោកចំនួន២៥ភាគរយ ដោយដាក់ប្រទេសនេះស្ថិតក្នុងចំណោមទីផ្សារការងារ ដែលមានតម្លៃសមរម្យបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ទន្ទឹមនឹងនេះ តម្រូវការថាមពលអគ្គិសនីសម្រាប់បម្រើដល់ឧស្សាហកម្មដឹកជញ្ជូនទំនើបកំពុងកើនឡើង ដោយសារប្រព័ន្ធស្វ័យប្រវត្តិកម្ម និងការកើនឡើងនៃការប្រើប្រាស់យានយន្តអគ្គិសនីជាដើម។ដូច្នេះ ថ្លៃចំណាយទៅលើប្រតិបត្តិការ(Operating cost) កំពុងក្លាយជាកត្តាសំខាន់កាន់តែខ្លាំងឡើងក្នុងការសម្រេចចិត្តលើការបណ្តាក់ទុនវិនិយោគ។

ជាមួយគ្នានេះ ប្រទេសវៀតណាមក៏នៅតែរក្សាបានសមត្ថភាពក្នុងការប្រកួតប្រជែងរបស់ខ្លួន ដោយសារតម្លៃថាមពលអគ្គិសនីរបស់វៀតណាមជាកម្រិតមួយទាបបំផុតនៅលើពិភពលោក៕ប្រភព: Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here