ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Knight Frank បានឱ្យដឹងថា ទីផ្សារអចលនទ្រព្យឧស្សាហកម្មរបស់ប្រទេសម៉ាឡេស៊ីបន្តមានភាពរីកចម្រើន ក្រោយពីបានស្រូបទាញបានទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់លើការសាងសង់មជ្ឈមណ្ឌលទិន្នន័យ។
ក្នុងនោះ រដ្ឋសំខាន់ៗចំនួន៤ រួមមានរដ្ឋ Selangor រដ្ឋ Johor រដ្ឋ Penang និងរដ្ឋ Sabah កំពុងក្លាយជាម៉ាស៊ីនកំណើនសេដ្ឋកិច្ច និងទទួលបានទំនុកចិត្តពីបណ្តាអ្នកវិនិយោគ ខណៈសួនបច្ចេកវិទ្យា Kota Petra Green របស់រដ្ឋ Sarawak បានផ្តោតលើនិរន្តរភាព និងឌីជីថលូបនីយកម្ម។
ទន្ទឹមនឹងនេះ ការចុះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) រវាងប្រទេសម៉ាឡេសុីជាមួយប្រទេសអេមីរ៉ាត់អារ៉ាប់រួមក្នុងខែមករា ឆ្នាំ២០២៥ រួមទាំងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគីរវាងម៉ាឡេសុីជាមួយកូរ៉េខាងត្បូង និងការធ្វើជាប្រធានប្តូរវេនអាស៊ានរបស់ម៉ាឡេស៊ីនៅឆ្នាំ២០២៥នេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មពិភពលោកកាន់តែមានភាពស៊ីជម្រៅ។
 
             
 
 
 

 
 
 








 
 
