ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers បានវាយតម្លៃថា បើទោះជាមានភាពមិនប្រាកដប្រជាជាសកលយ៉ាងណាក្តី ក៏ទីផ្សារអចលនទ្រព្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនៅតែបង្ហាញពីភាពធន់គួរឱ្យកត់សម្គាល់។
ការបន្ធូរបន្ថយអត្រាការប្រាក់ និងស្ថិរភាពអតិផរណាក្នុងតំបន់ ជាសញ្ញាវិជ្ជមានសម្រាប់ទីផ្សារអចលនទ្រព្យ ខណៈបណ្តាអ្នកវិនិយោគកំពុងបត់បែនយុទ្ធសាស្រ្តទៅរកគុណភាព ការធ្វើពិពិធកម្ម និងផលចំណេញរយៈពេលវែង។
ក្រុមហ៊ុន Colliers បានកត់សម្គាល់ថា ធនាគារកណ្តាលភាគច្រើននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ។ ប្រការនេះនឹងធ្វើឱ្យអត្រាការប្រាក់មានស្ថិរភាពយ៉ាងសន្សឹមៗក្នុងរយៈពេលប៉ុន្មានត្រីមាសខាងមុខ។
កាលពីឆមាសទី១ ទីផ្សារការិយាល័យក្នុងតំបន់បានទាក់ទាញទំហំទឹកប្រាក់នៃការវិនិយោគចំនួន២៥,៩ពាន់លានដុល្លារអាមេរិក ខណៈទីផ្សារអចលនទ្រព្យឧស្សាហកម្ម និងភស្តុភារបានទាក់ទាញទំហំទុនវិនិយោគចំនួន១៣,៣ពាន់លានដុល្លារ។
ក្រុមហ៊ុន Colliers រំពឹងថា លំហូរមូលធនក្នុងស្រុកនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការវិនិយោគអចលនទ្រព្យនៅឆមាសទី២ ឆ្នាំនេះ។ទន្ទឹមនឹងនោះ បណ្តាអ្នកវិនិយោគបានបង្ហាញចំណាប់អារម្មណ៍ចំពោះការវិនិយោគលើមជ្ឈមណ្ឌលផ្ទុកទិន្នន័យ និងលំនៅដ្ឋានរបស់សិស្ស។
លោកស្រី Lucy Mallick អ្នកជំនាញនៅក្រុមហ៊ុន Colliers បានលើកឡើងថា “បណ្តាអ្នកវិនិយោគកំពុងធ្វើពិពិធកម្មផលបត្ររបស់ពួកគេ ដើម្បីដើរឱ្យស្របទៅនឹងសក្ដានុពលទីផ្សារ ដែលកំពុងវិវឌ្ឍន៍ទៅមុខឥតឈប់ឈរនាពេលបច្ចុប្បន្ន”។
លោកស្រីរំពឹងថា សកម្មភាពនៃការវិនិយោគលើទីផ្សារអចលនទ្រព្យក្នុងតំបន់អាសុីប៉ាសុីហ្វិកនឹងស្ទុះងើបឡើងវិញបន្តិចម្តងៗ ស្របពេលស្ថានភាពផ្នែកម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាពប្រសើរជាងមុន៕ប្រភព: Edgeprop៕