ដោយ វុត្ថា
ភ្នំពេញ៖ ធនាគារពិភពលោក (World Bank) បានផ្តល់ប្រាក់កម្ចីឥណទានសម្បទានចំនួន៥៥លានដុល្លារ អភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិក្នខេត្តគោលដៅចំនួន៧ តាមរយៈគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ»ក្នុងគោលដៅបង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រងធនធានធម្មជាតិ ដែលជំរុញឲ្យវិស័យទេសចរណ៍ និងសង្វាក់តម្លៃនៃអនុផលព្រៃឈើនៅក្នុងតំបន់។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី២ ខែឧសភានេះបានឲ្យដឹងថា ខេត្តគោលដៅចំនួន៧រួមមាន ខេត្តកំពង់ស្ពឺ កោះកុង ពោធិ៍សាត់ បាត់ដំបង កំពង់ឆ្នាំង កំពង់ធំ និងខេត្តសៀមរាប ។
លោកបញ្ជាក់ថា គម្រោងនេះ នឹងចាប់ផ្តើមអនុវត្តនៅឆមាសទី២ឆ្នាំ២០១៩នេះ តាមរយៈការពង្រឹងសមត្ថភាពសម្រាប់ធ្វើផែនការ និងគ្រប់គ្រងតំបន់ទេសភាពនិងការពារធម្មជាតិ ពង្រឹងឱកាសទេសចរណ៍ធម្មជាតិនិងសង្វាក់អនុផលព្រៃឈើ បង្កើនលទ្ធភាពនិងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការពិនិត្យតាមដាននិងវាយតម្លៃ ការឆ្លើយតបគ្រោះអាសន្នជាដើមនេះ ដើម្បីធានាបាននូវការអភិវឌ្ឍដោយចីរភាព។