World​ ​Bank​ ​ផ្តល់​ប្រាក់កម្ចី​ ​៥៥លាន​ដុល្លារ​ ​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ធម្មជាតិ​ក្នុង​ខេត្ត​គោលដៅ​ចំនួន៧​

0

​ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​ធនាគារពិភពលោក​ ​(​World​ ​Bank​)​ ​បាន​ផ្តល់​ប្រាក់កម្ចី​ឥណទាន​សម្បទាន​ចំនួន៥៥លាន​ដុល្លារ​ ​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ធម្មជាតិ​ក្ន​ខេត្ត​គោលដៅ​ចំនួន៧​ ​តាមរយៈ​គម្រោង​ ​«​និរន្តរភាព​តំបន់​ទេសភាព​ ​និង​ទេសចរណ៍​ធម្មជាតិ​»​ក្នុង​គោលដៅ​បង្កើន​ប្រសិទ្ធភាព​ ​នៃ​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​ ​ដែល​ជំរុញ​ឲ្យ​វិស័យ​ទេសចរណ៍​ ​និង​សង្វាក់​តម្លៃ​នៃ​អនុផល​ព្រៃឈើ​នៅក្នុង​តំបន់​។​

​លោក​ ​នេត្រ​ ​ភក្ត្រា​ ​រដ្ឋលេខាធិការ​ ​និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ ​នៅ​ថ្ងៃទី២​ ​ខែឧសភា​នេះ​បាន​ឲ្យដឹង​ថា​ ​ខេត្ត​គោលដៅ​ចំនួន៧រួមមាន​ ​ខេត្ត​កំពង់ស្ពឺ​ ​កោះកុង​ ​ពោធិ៍សាត់​ ​បាត់ដំបង​ ​កំពង់ឆ្នាំង​ ​កំពង់ធំ​ ​និង​ខេត្តសៀមរាប​ ​។​

​លោក​បញ្ជាក់​ថា​ ​គម្រោង​នេះ​ ​នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ឆមាស​ទី២ឆ្នាំ២០១៩នេះ​ ​តាមរយៈ​ការ​ពង្រឹង​សមត្ថភាព​សម្រាប់​ធ្វើ​ផែនការ​ ​និង​គ្រប់គ្រង​តំបន់​ទេសភាព​និង​ការពារ​ធម្មជាតិ​ ​ពង្រឹង​ឱកាស​ទេសចរណ៍​ធម្មជាតិ​និង​សង្វាក់​អនុផល​ព្រៃឈើ​ ​បង្កើន​លទ្ធភាព​និង​ការ​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការពិនិត្យ​តាមដាន​និង​វាយតម្លៃ​ ​ការ​ឆ្លើយតប​គ្រោះអាសន្ន​ជាដើម​នេះ​ ​ដើម្បី​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​។​

​លោក​បន្ត​ថា​ ​“​គម្រោង​នេះ​ ​នឹង​ជំរុញ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ​ការចូលរួម​ពី​សហគមន៍​មូលដ្ឋាន​ ​ដៃគូ​អភិវឌ្ឍន៍​ ​និង​វិស័យ​ឯកជន​ ​ដើម្បី​ការរៀបចំ​គោលនយោបាយ​យុទ្ធសាស្ត្រ​ ​និង​ឯកសារ​លិខិត​បទដ្ឋាន​គតិ​យុត្ត​ពាក់ព័ន្ធ​ ​ផែនការ​ ​និង​ការអនុវត្ត​គម្រោង​ ​ដែល​ធានា​បាន​នូវ​ប្រសិទ្ធិ​ភាព​ ​និង​ប្រសិទ្ធ​ផល​”​។​

​ក្រសួងបរិស្ថាន​នៅ​ថ្ងៃទី៣០​ ​ខែមេសា​ ​បាន​ធ្វើការ​ផ្សព្វផ្សាយ​ឡើងវិញ​នូវ​ឯកសារ​សម្រាប់​គ្រប់គ្រង​សុវត្ថិភាព​បរិស្ថាន​ ​និង​សង្គម​ ​ក្នុង​ការអនុវត្ត​គម្រោង​ ​«​និរន្តរភាព​តំបន់​ទេសភាព​ ​និង​ទេសចរណ៍​ធម្មជាតិ​»​ ​ក្នុង​គោលបំណង​ប្រមូល​ធាតុ​ចូល​ ​និង​មតិយោបល់​ពី​ភាគី​ពាក់ព័ន្ធ​បន្ថែម​ ​ដើម្បីឲ្យ​ការរៀបចំ​ឯកសារ​ស្តី​ពី​ ​ធនធាន​ធម្មជាតិ​នៅ​តំបន់​ទាំងនេះ​ ​មាន​លក្ខណៈ​គ្រប់ជ្រុងជ្រោយ​ ​និង​អនុវត្ត​ទៅ​ធានា​បាន​នូវ​និរន្តរភាព​បរិស្ថាន​ ​និង​សង្គម​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here