ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Reuters បានចុះផ្សាយថា ទីផ្សារការិយាល័យនៅសហរដ្ឋអាមេរិកបានដាំក្បាលចុះដល់ដំណាក់កាលដ៏លំបាកបំផុតមួយ ខណៈអត្រាការិយាល័យទំនេរក្នុងប្រទេសនេះបានកើនឡើងដល់កម្រិតខ្ពស់មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ។
ការដាំក្បាលចុះកាន់តែជ្រៅទៅក្នុងវិបត្តិបានជះផលប៉ះពាល់យ៉ាងខ្លាំងដល់បណ្តាម្ចាស់អគារការិយាល័យ និងធនាគារ ដែលបានផ្តល់ហិរញ្ញប្បទានដល់ពួកគេ។យុទ្ធសាស្ត្រនៃការបំពេញការងារពីចម្ងាយ ដោយមិនចាំបាច់ជួលការិយាល័យ បានធ្វើឱ្យទីផ្សារដាំក្បាលចុះ។
យោងតាមទិន្នន័យថ្មីពីក្រុមហ៊ុន Moody’s Analytics បានឱ្យដឹងថា អត្រាការិយាល័យទំនេរទូទាំងសហរដ្ឋអាមេរិកបានកើនឡើងដល់២០,៧ភាគរយនៅត្រីមាសទី២ ឆ្នាំ២០២៥។ អត្រានេះជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុន។
កំណើននៃអត្រាការិយាល័យទំនេរបាននិងកំពុងជះផលប៉ះពាល់ដល់តម្លៃជួលការិយាល័យ និងប្រាក់ចំណូលរបស់បណ្តាធនាគារជាច្រើននៅសហរដ្ឋអាមេរិក ដែលបានផ្តល់ប្រាក់កម្ចីដល់ម្ចាស់អគារពាណិជ្ជកម្មនានា។
អត្រាការិយាល័យទំនេរនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) បានកើនឡើងដល់២៧,៧ភាគរយនៅត្រីមាសទី២ ឆ្នាំនេះ បើធៀបនឹងកម្រិតមុនផ្ទុះជំងឺរាតត្បាតកាលពីឆ្នាំ២០១៩ ក្នុងរង្វង់ត្រឹមតែ៨,៦ភាគរយ។
តំបន់ពាណិជ្ជកម្មសំខាន់ៗផ្សេងទៀតរបស់សហរដ្ឋអាមេរិកក៏កំពុងប្រឈមមុខជាមួយនឹងការចាកចេញនៃអ្នកជួលផងដែរ។ ជាក់ស្តែង អត្រាការិយាល័យទំនេរនៅទីក្រុងញូវយ៉កបានស្ថិតក្នុងរង្វង់ជិត២៣ភាគរយ៕ប្រភព: Reuters៕