ដោយៈ ម៉ាណា
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី៣០ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន។
កិច្ចប្រជុំដ៏សំខាន់នេះ មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមធុរកិច្ចជប៉ុននៅកម្ពុជា(JBAC) គណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្ម AEM-METI (AMEICC) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA) អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(JETRO) និងតំណាងក្រុមហ៊ុនជប៉ុន ដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជាទាំងផ្ទាល់ និងតាមប្រព័ន្ធ onlineសរុបចំនួនប្រមាណ២០០រូប។
-->
កិច្ចប្រជុំទ្វេភាគីនេះ ជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ រៀបចំឡើងក្រោមក្របខណ្ឌ នៃកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុន ស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ។ ក្នុងកិច្ចប្រជុំនេះ បញ្ហាប្រឈម ព្រមទាំងសំណើសុំនានារបស់ផ្នែកឯកជន ត្រូវបានលើកយកមកពិភាក្សា និងស្នើសុំការពិនិត្យដោះស្រាយ ដើម្បីបន្តជំរុញកិច្ចសហការរវាងរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន។ ប្រធានបទ ដែលបានលើកមកពិភាក្សា ក្នុងកិច្ចប្រជុំលើកទី៣០នេះ មានវិសាលភាពគ្របដណ្តប់លើវិស័យពន្ធដារ គយ បរិស្ថាន ពាណិជ្ជកម្ម ភស្ដុភារកម្ម ថាមពល សន្តិសុខ និងការងារ។
លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ វត្តមានរបស់ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា តំណាងក្រសួង-ស្ថាប័ន សមាគម អង្គការ និងវិស័យឯកជនជប៉ុនដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនាឱកាសនេះ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងនូវអំណរគុណជូនចំពោះវិនិយោគិនជប៉ុនទាំងអស់ ដែលបានមកបណ្តាក់ទុនវិនិយោគ ពង្រឹង និងពង្រីកប្រតិបត្តិការធុរកិច្ច និងគម្រោងវិនិយោគរបស់ខ្លួន ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការផ្តល់ នូវសេចក្តីទុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា។
លើកឡើងក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត សម្ដែងការសោកស្ដាយចំពោះការបាត់បង់ជីវិត របស់ទាហានពលីកម្ពុជា ក្នុងបញ្ហាជម្លោះកម្ពុជា-ថៃ។ រាជរដ្ឋាភិបាលជប៉ុន បានចូលរួមរំលែកទុក្ខជាមួយកម្ពុជា ដោយសម្រេចផ្តល់ជំនួយឥតសំណងសង្គ្រោះ បន្ទាន់ចំនួន ១,៨លានដុល្លារអាម៉េរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ផងដែរ។ ប្រទេសជប៉ុនបន្តគាំទ្រ លើការអនុវត្តនូវបទឈប់បាញ់ដែលសម្រេចដោយថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរ។
ជាកិច្ចបន្តចំពោះកិច្ចការងារវិនិយោគ លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណជូនចំពោះ លោកឧបនាយករដ្ឋមន្ត្រីដែលតែងតែគាំទ្រ និងផ្ដល់ការសម្របសម្រួល រាល់សំណូមពរនានារបស់វិនិយោគិនជប៉ុន ពិសេសចូលរួមពង្រឹង កិច្ចសហប្រតិបត្តិការទ្វេភាគីស្តីពីការជំរុញ និងទាក់ទាញវិនិយោគប្រកបដោយគុណភាព និងស្តង់ដារខ្ពស់។
ទន្ទឹមនឹងនេះ លោកក៏បានវាយតម្លៃខ្ពស់ ជូនចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសម្របសម្រួល និងផ្តល់នូវការឆ្លើយតបប្រកប ដោយភាពទន់ភ្លន់ចំពោះក្ដីកង្វល់ និងសំណូមពរនានារបស់វិនិយោគិនជប៉ុន។
លោកឧបនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បន្តជំរុញ និងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំបង្កើតកម្មវិធីនានា ដើម្បីទាក់ទាញវិនិយោគិន និងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ អំពីបរិយាកាសវិនិយោគ ការលើកទឹកចិត្ត និងសក្ដានុពលរបស់កម្ពុជា ជូនវិនិយោគិនជប៉ុនឱ្យបានកាន់តែទូលំទូលាយមួយកម្រិតទៀត៕
