រដ្ឋាភិបាល​គ្រោង​ចំណាយ​ថវិកា​ ​៦០លាន​ដុល្លារ​សាងសង់​ប្រព័ន្ធ​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​ក្រុង​ខេត្ត​ព្រះសីហនុ​

0

ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​រដ្ឋាភិបាល​កម្ពុជា​គ្រោង​ចំណាយ​ទុន​ប្រមាណ​ ​៦០លាន​ដុល្លារ​អាមេរិក​បន្ថែម​ ​ទៅ​សាងសង់​ស្ថានីយ​បូមទឹក​មួយ​ចំនួន​បន្ថែម​ទៀត​ ​ដើម្បី​ធានា​ឱ្យ​បាន​នូវ​បរិស្ថាន​ស្អាត​ ​ប្រកបដោយ​សុខមាលភាព​ជូន​ប្រជាពលរដ្ឋ​ ​និង​ភ្ញៀវ​អន្តរជាតិ​។​

​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ ​បាន​ឲ្យដឹង​នៅក្នុង​ពិធី​អញ្ជើញ​អមដំណើរ​ ​លោក​អគ្គបណ្ឌិត​សភា​ចារ្យ​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ចុះ​ពិនិត្យ​ស្ថានភាព​អាង​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​ក្រុង​ព្រះសីហនុ​ ​ខេត្ត​ព្រះសីហនុ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​បាន​ឲ្យដឹង​ថា​ ​ដោយសារតែ​មានការ​ហូរ​ចូល​នូវ​ការ​វិនិយោគ​ចម្រុះ​ ​និង​ពហុ​បំណង​តាមរយៈ​ការសាងសង់​អគារ​ ​ខុន​ដូ​ ​រមណីយដ្ឋាន​ ​និង​អគារ​ពាណិជ្ជកម្ម​ ​ព្រមទាំង​រោងចក្រ​កាត់ដេរ​ជាច្រើន​ ​ខេត្ត​ព្រះសីហនុ​បាន​ ​និង​កំពុង​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​បាន​ធ្វើឲ្យ​ខេត្ត​កើនឡើង​នូវ​បរិមាណ​ទឹក​កខ្វក់​កើនឡើង​លើស​ពី​ការ​រំពឹង​ទុក​។​ ​

​លោក​បន្ត​ថា​ ​“​ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះមុខ​ជាបន្ទាន់​ ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​បាន​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ​ព្រមទាំង​អាជ្ញាធរ​ដែនដី​ ​បាន​ស្ដារ​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រង​ទឹក​កខ្វក់​ ​និង​សាងសង់​ស្ថានីយ​បូមទឹក​មួយចំនួន​បន្ថែម​ទៀត​ ​ដើម្បី​ធានា​ឱ្យ​បាន​នូវ​បរិស្ថាន​ស្អាត​ ​ប្រកបដោយ​សុខមាលភាព​ជូន​ប្រជាពលរដ្ឋ​ ​និង​ភ្ញៀវ​អន្តរជាតិ​ ​ខណៈ​ផែនការមេ​គ្រប់គ្រង​កាកសំណល់​ទឹក​កខ្វក់​ ​ត្រូវ​បាន​សិក្សា​ដោយក្រុម​ហ៊ុន​ចិន​ ​និង​រៀបចំ​តាម​បទដ្ឋាន​អន្តរជាតិ​”​។​

​អាង​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​ចំនួន៤​ ​បាន​បញ្ចប់​ការសាងសង់​រួចហើយ​ ​និង​បាន​ដាក់ឲ្យ​ដំណើរ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ក្រោម​វត្តមាន​លោក​ឧបនាយក​រដ្ឋមន្រ្តី​ជា​ ​សុ​ផា​រ៉ា​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​និង​សំណង់​។​

​ស្ថានីយ​ប្រព្រឹត្តិ​កម្ម​តាម​បែប​ធម្មជាតិ​ក្រុង​ព្រះសីហនុ​ ​ខេត្ត​ព្រះសីហនុ​ ​ជា​ស្ថានីយ​ច្រោះ​សម្អាត​ទឹក​សំណល់​ធំ​ទី២​ ​បន្ទាប់ពី​ស្ថានីយ​ច្រោះ​សម្អាត​ទឹក​កខ្វក់​តាម​បែប​ធម្មជាតិ​ក្រុង​សៀមរាប​ ​ខេត្ត​សៀ​មរ​រាប​។​

​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​លោក​បណ្ឌិត​ថោង​ ​ខុន​បាន​សម្តែង​ការ​ព្រួយបារម្ភ​ពី​បញ្ហា​ទឹក​កខ្វក់​និង​ការ​បំពុលបរិស្ថាន​ ​នៅ​តំបន់ឆ្នេរ​ពិសេស​ក្រុង​ព្រះសីហនុ​ ​ដោយ​លោក​បាន​លើកឡើង​ថា​ ​“​បញ្ហា​ទាំងអស់​នេះ​ទាមទារ​ឲ្យ​មានការ​រួម​គិត​ ​រួម​ធ្វើ​ ​និង​រួម​ទទួលខុសត្រូវ​ទាំងអស់គ្នា​”​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here