ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយទុនប្រមាណ ៦០លានដុល្លារអាមេរិកបន្ថែម ទៅសាងសង់ស្ថានីយបូមទឹកមួយចំនួនបន្ថែមទៀត ដើម្បីធានាឱ្យបាននូវបរិស្ថានស្អាត ប្រកបដោយសុខមាលភាពជូនប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិ។

មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឲ្យដឹងនៅក្នុងពិធីអញ្ជើញអមដំណើរ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចុះពិនិត្យស្ថានភាពអាងប្រព្រឹត្តិកម្មទឹកកខ្វក់ក្រុងព្រះសីហនុ ខេត្តព្រះសីហនុកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ដោយសារតែមានការហូរចូលនូវការវិនិយោគចម្រុះ និងពហុបំណងតាមរយៈការសាងសង់អគារ ខុនដូ រមណីយដ្ឋាន និងអគារពាណិជ្ជកម្ម ព្រមទាំងរោងចក្រកាត់ដេរជាច្រើន ខេត្តព្រះសីហនុបាន និងកំពុងអភិវឌ្ឍយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យខេត្តកើនឡើងនូវបរិមាណទឹកកខ្វក់កើនឡើងលើសពីការរំពឹងទុក។
-->
លោកបន្តថា “ដើម្បីដោះស្រាយបញ្ហាចំពោះមុខជាបន្ទាន់ ក្រសួងសាធារណការ និងដឹកជញ្ជូនបានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរដែនដី បានស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកកខ្វក់ និងសាងសង់ស្ថានីយបូមទឹកមួយចំនួនបន្ថែមទៀត ដើម្បីធានាឱ្យបាននូវបរិស្ថានស្អាត ប្រកបដោយសុខមាលភាពជូនប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិ ខណៈផែនការមេគ្រប់គ្រងកាកសំណល់ទឹកកខ្វក់ ត្រូវបានសិក្សាដោយក្រុមហ៊ុនចិន និងរៀបចំតាមបទដ្ឋានអន្តរជាតិ”។
អាងប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន៤ បានបញ្ចប់ការសាងសង់រួចហើយ និងបានដាក់ឲ្យដំណើរកាលពីពេលថ្មីៗនេះ ក្រោមវត្តមានលោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។
ស្ថានីយប្រព្រឹត្តិកម្មតាមបែបធម្មជាតិក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាស្ថានីយច្រោះសម្អាតទឹកសំណល់ធំទី២ បន្ទាប់ពីស្ថានីយច្រោះសម្អាតទឹកកខ្វក់តាមបែបធម្មជាតិក្រុងសៀមរាប ខេត្តសៀមររាប។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកបណ្ឌិតថោង ខុនបានសម្តែងការព្រួយបារម្ភពីបញ្ហាទឹកកខ្វក់និងការបំពុលបរិស្ថាន នៅតំបន់ឆ្នេរពិសេសក្រុងព្រះសីហនុ ដោយលោកបានលើកឡើងថា “បញ្ហាទាំងអស់នេះទាមទារឲ្យមានការរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវទាំងអស់គ្នា”៕