ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំផ្ទៀងមើលទិន្នន័យសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ប្រចាំខែសីហារបស់សហរដ្ឋអាមេរិក ដែលអាចជះឥទ្ធិពលលើគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក។
តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,១ភាគរយមកនៅត្រឹម៣៦៣៦,៥៤ដុល្លារក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ប្រមាណ៣៦៤០,៣៨ដុល្លារក្នុងមួយអោនកាលពីថ្ងៃពុធម្សិលមិញ។
ជាមួយគ្នានេះ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានថយចុះ០,១៧ភាគរយមកនៅត្រឹម៣៦៧៥,៧ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:៣៥នាទីព្រឹកដូចគ្នា។
យោងតាមគេហទំព័រ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩២ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៧ ខែកញ្ញា។
ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់៩៧,៨៦ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រោយពេលបានបិទការជួញដូរត្រឹម៩៧,៧៨ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ៕