ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការសិក្សាថ្មីបង្ហាញថា នៅឆ្នាំ២០២៥ ប្រទេសអូស្ត្រាលីនឹងសាងសង់អាផាតមុិនបានតិចជាងការព្យាករណ៍ពីមុន ខណៈអ្នកអភិវឌ្ឍន៍ជាច្រើនពន្យារពេល ឬលុបចោលគម្រោង ដោយសារការថយចុះនូវប្រាក់ចំណេញ និងការលក់ presale។
ចំនួនអាផាតមុិនដែលបញ្ចប់ការសាងសង់ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះពី៦៤.០៣១យូនីតនៅឆ្នាំ២០២៤ មកនៅត្រឹម៥២.៥០៥យូនីតក្នុងឆ្នាំ២០២៥ បើធៀបនឹងការព្យាករណ៍ពីមុនថា នឹងសម្រេចបានការផ្គត់ផ្គង់ចំនួន៨១.៨៨០យូនីត។
លោក Sameer Chopra ប្រធានទទួលបន្ទុកផ្នែកស្រាវជ្រាវប្រចាំតំបន់អាសុីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានលើកឡើងថា ការសិក្សាលទ្ធភាពគម្រោងថ្មីមិនបានកើនឡើងនោះទេ ហើយគម្រោងជាច្រើនត្រូវបានពន្យារពេល។
ចាប់ពីឆ្នាំ២០២៥ដល់ឆ្នាំ២០៣០ ការសាងសង់បញ្ចប់អាផាតមុិនថ្មីសរុបត្រូវបានគេរំពឹងថា នឹងសម្រេចបានចំនួន៥០.០០០យូនីត ទាបជាងការព្យាករណ៍ពីមុន។ ការកើនឡើងនៃថ្លៃដើមសំណង់ និងកង្វះលទ្ធភាពទិញផ្ទះរបស់ពលរដ្ឋអូស្ត្រាលី បានជះផលប៉ះពាល់ដល់ការអនុវត្តន៍គម្រោង។
លោក Chopra បានបញ្ជាក់បន្ថែមថា តម្លៃផ្ទះបានកើនឡើងលឿនជាងថ្លៃដើមសំណង់ចន្លោះពី២ភាគរយទៅ៣ភាគរយ។ ប៉ុន្តែ កំណើននេះនៅមិនទាន់គ្រប់គ្រាន់ទេ។ យើងត្រូវបង្រួមគម្លាតនេះបន្ថែមទៀត។
លោក Richard Temlett អ្នកជំនាញនៅក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Charter Keck Cramer បានលើកឡើងថា ដើម្បីសាងសង់គម្រោងអាផាតមុិនកាន់តែច្រើន ភាគីពាក់ព័ន្ធទាំងអស់ រួមមាន អ្នកអភិវឌ្ឍន៍ រដ្ឋាភិបាល និងស្ថាប័នហិរញ្ញវត្ថុ ត្រូវសម្របសម្រួលធ្វើការជាមួយគ្នា។
ទោះជាយ៉ាងណា បណ្តាអ្នកអភិវឌ្ឍន៍ ដែលចាប់ផ្តើមសាងសង់គម្រោងនាពេលនេះអាចទទួលបានអត្ថប្រយោជន៍នៅពេលក្រោយ។ ក្នុងរយៈពេលប្រហែល៣ឆ្នាំខាងមុខទៀត អ្នកអភិវឌ្ឍន៍នឹងមានប្រៀបក្នុងការកំណត់តម្លៃផ្ទះ ដោយសារកង្វះលំនៅដ្ឋាន៕ប្រភព: AFR៕