ទីផ្សារលំនៅដ្ឋានរបស់សិង្ហបុរីរំពឹងរក្សាបានសន្ទុះនៃការលក់ផ្ទះថ្មីរហូតដល់ដំណាច់ចុងឆមាសទី២

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅប្រទេសសិង្ហបុរីត្រូវបានគេរំពឹងថា នឹងបន្តសម្រេចបានសន្ទុះនៃការលក់លំនៅដ្ឋាននៅឆមាសទី២ ឆ្នាំ២០២៥ ដោយសារកំណើននៃការអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានថ្មី និងកំណើននៃចំណាប់អារម្មណ៍របស់អ្នកទិញ។

កាលពីឆមាសទី១ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនអចលនទ្រព្យ UOL បានហក់ឡើង៥៨ភាគរយដល់ប្រមាណ១៦០,១៤លានដុល្លារអាមេរិក បន្ទាប់ពីក្រុមហ៊ុននេះបានបើកដំណើរការគម្រោងថ្មី ដូចជា គម្រោង Pinetree Hill គម្រោង Watten House និងគម្រោង Meyer Blue។

ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន City Developments Ltd (CDL) បានកើនឡើងបន្តិចដល់ចំនួន៩១,២លានដុល្លារសិង្ហបុរី(ប្រមាណ៧១លានដុល្លារអាមេរិក)។ ក្រុមហ៊ុន CDL បានបើកដំណើរការគម្រោងថ្មីៗ ដូចជា គម្រោង Copen Grand គម្រោង The Myst គម្រោង Norwood Grand និងគម្រោង CanningHill Piers។

ចំណែក ប្រាក់ចំណូលរបស់ក្រុមហ៊ុន GuocoLand បានហក់ឡើង២០,៣ភាគរយដល់ចំនួន៩០៦,៣លានដុល្លារសិង្ហបុរី។ ប៉ុន្តែប្រាក់ចំណេញសុទ្ធបានដាំក្បាលចុះ៤៨ភាគរយមកនៅត្រឹម៣២,៤លានដុល្លារសិង្ហបុរី ដោយសារក្រុមហ៊ុននេះជួបបប្រទះការខាតបង់នៅក្នុងប្រទេសចិន។

ចាប់ពីខែមករាដល់ខែកក្កដា ឆ្នាំ២០២៥ ផ្ទះឯកជនថ្មីសរុបចំនួន៥.៥២៧យូនីត ត្រូវបានលក់ចេញ កើនឡើងទ្វេរដងបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ដោយឡែក នៅក្នុងខែសីហា ផ្ទះចំនួន១.៨០០យូនីតត្រូវបានលក់ចេញ។

ក្រុមអ្នកវិភាគរំពឹងថា សន្ទុះនៃការលក់ផ្ទះនៅប្រទេសសិង្ហបុរីនឹងបន្តកើនឡើង ដោយសារការបើកដំណើរការគម្រោងលំនៅដ្ឋានថ្មីៗ និងភាពសុទិដ្ឋនិយមរបស់អ្នកទិញចំពោះទីផ្សារអចលនទ្រព្យ។

រដ្ឋាភិបាលសិង្ហបុរីគ្រោងដាក់លក់ដីសម្រាប់ការអភិវឌ្ឍន៍លំនៅដ្ឋានតាមរយៈកម្មវិធីលក់ដីរដ្ឋ(Government Land Sales) ដើម្បីជំរុញការសាងសង់គម្រោងលំនៅដ្ឋានថ្មីដោយក្រុមហ៊ុនអភិវឌ្ឍន៍ឯកជន។

សម្រាប់ឆ្នាំ២០២៥នេះ រដ្ឋាភិបាលសិង្ហបុរីមានគោលដៅជំរុញការសាងសង់លំនៅដ្ឋានថ្មីឱ្យបានចំនួន៩.៧៥៥យូនីត ស្ថិតក្រោមកម្មវិធីលក់ដីរដ្ឋ។ តួលេខនេះហក់ឡើង៥០ភាគរយបើធៀបនឹងការផ្គត់ផ្គង់ផ្ទះជាមធ្យមចន្លោះពីឆ្នាំ២០២១ដល់ឆ្នាំ២០២៣៕ប្រភព: The Business Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here