ដោយ: គង់ លាងហួរ
អន្តរជាតិ: ព្រះអង្គម្ចាស់ Mohammed bin Salman រាជទាយាទ និងជានាយករដ្ឋមន្ត្រីរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានលើកឡើងថា តម្លៃអចលនទ្រព្យនៅប្រទេសនេះកំពុងកើនឡើងលឿនខ្លាំងពេក និងឈានដល់កម្រិតមិនអាចទទួលយកបាន។
ជាមួយគ្នានេះ ព្រះអង្គម្ចាស់ bin Salman បានប្តេជ្ញាចាត់វិធានការកាត់បន្ថយការហក់ឡើងនៃតម្លៃលំនៅដ្ឋាន និងផ្តល់ជម្រើសលំនៅឋានបន្ថែមទៀតសម្រាប់ទាំងប្រជាពលរដ្ឋ និងជនបរទេស។
យ៉ាងណាមិញ ព្រះអង្គម្ចាស់មិនបានលើកឡើងពីគោលនយោបាយលំអិតនោះទេ។ ការអត្ថាធិប្បាយនេះបានធ្វើឡើង ខណៈតម្លៃផ្ទះបានហក់ឡើងខ្ពស់ ជាពិសេសនៅរាជធានីរីយ៉ាដ(Riyadh) ចាប់តាំងពីឆ្នាំ២០១៩។
រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតគ្រោងនឹងអនុញ្ញាតឱ្យជនបរទេសទិញអចលនទ្រព្យចាប់ពីឆ្នាំ២០២៦ តទៅ។ អារ៉ាប៊ីសាអូឌីតក៏បានចាប់ផ្តើមបោះផ្សាយមូលបត្រដែលធានាដោយអចលនទ្រព្យ(mortgage-backed security) ដើម្បីធ្វើឱ្យការផ្តល់កម្ចីទិញផ្ទះកាន់តែមានភាពងាយស្រួល។
ទីក្រុងធំៗមួយចំនួនដូចជា ទីក្រុង Madinah និងទីក្រុង Mecca កំពុងទទួលបានការចាប់អារម្មណ៍កាន់តែច្រើនពីជនបរទេស ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ។ ការណ៍នេះជំរុញឱ្យមានការអភិវឌ្ឍន៍កាន់តែច្រើន រួមទាំងគម្រោងធំៗដូចជា គម្រោងលំនៅដ្ឋានខ្នាតយក្ស Rua Al Madinah។
ព្រះអង្គម្ចាស់ Mohammed bin Salman អះអាងថា កំណើនសេដ្ឋកិច្ចដ៏រឹងមាំ ដែលអារ៉ាប៊ីសាអូឌីតកំពុងសម្រេចបាន នាពេលបច្ចុប្បន្ននេះត្រូវបានជំរុញដោយសារការកើនឡើងនៃតម្លៃលំនៅដ្ឋាននៅក្នុងតំបន់មួយចំនួនដល់កម្រិតមួយដែលមិនអាចទទួលយកបាន៕ប្រភព: Bloomberg៕