ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានឱ្យដឹងថា ទីផ្សារអចលនទ្រព្យរបស់ទីក្រុងបុមបៃនៃប្រទេសឥណ្ឌានឹងទទួលបានការផ្គត់ផ្គង់អាផាតមុិនថ្មីចំនួន៤៤.២៧៧យូនីតនៅឆ្នាំ២០៣០ ដែលមានតម្លៃសរុបប្រមាណ១៥,៦ពាន់លានដុល្លារ។
ទីក្រុងបុមបៃគ្រោងវាយកំទេចអគារចាស់ៗដើម្បីទុកដីសម្រាប់សាងសង់អគារអាផាតមុិនថ្មីៗ ដែលមានសក្ដានុពលក្នុងការផ្លាស់ប្តូរទិដ្ឋភាពរបស់ទីក្រុងបុមបៃ និងជំរុញការផ្គត់ផ្គង់លំនៅដ្ឋាន ជាពិសេសនៅតំបន់តូចចង្អៀត ដែលមានមនុស្សរស់នៅច្រើន។
ទោះជាយ៉ាងណា ផ្នែកនេះកំពុងពុះកញ្ជ្រោលខ្លាំង (overheat) ស្របពេលតម្លៃអចលនទ្រព្យលំនៅដ្ឋាននៅទីក្រុងបុមបៃហក់ឡើងយ៉ាងគំហុក។ ទន្ទឹមនឹងនោះ តម្រូវការលំនៅដ្ឋានបានកើនឡើងយ៉ាងលឿនរហ័ស ដោយសារចំនួនប្រជាជនច្រើន។
ការអភិវឌ្ឍន៍ឡើងវិញ(Redevelopment) ជាដំណើរការរយៈពេលវែង ដែលត្រូវចំណាយពេលចន្លោះពី៨ឆ្នាំទៅ១១ឆ្នាំដើម្បីបញ្ចប់រួចរាល់។ ការអភិវឌ្ឍន៍ឡើងវិញបានចាប់ផ្តើមនៅឆ្នាំ២០២០ ដោយទើបឈានចូលដល់ដំណាក់កាលសាងសង់ ឬប្រគល់ជូនអ្នកទិញប៉ុណ្ណោះ។
យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Knight Frank បានឱ្យដឹងថា ការចំណាយពេលវេលាដ៏យូរនេះបណ្តាលមកពី ការប្រែប្រួលនៃទីផ្សារ ការផ្លាស់ប្តូរអត្រាការប្រាក់ និងការផ្លាស់ប្តូរគោលនយោបាយ៕ប្រភព: Hindustan Times៕