បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យហុងកុងអាចខកខានទូទាត់សងបំណុល ខណៈធនាគារនានាមិនហ៊ានផ្តល់ប្រាក់កម្ចីថ្មី

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យខ្នាតតូច និងខ្នាតមធ្យមជាច្រើននៅទីក្រុងហុងកុងនៃប្រទេសចិននឹងប្រឈមមុខចំពោះហានិភ័យនៃការខកខានទូទាត់សងបំណុល ខណៈធនាគារនានានៅតែមានភាពប្រុងប្រយ័ត្នខ្ពស់ក្នុងការផ្តល់ប្រាក់កម្ចីថ្មី។

លោក Glen Ho អ្នកជំនាញមកពីក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ Deloitte បានអះអាងថា “បណ្តាអ្នកវិនិយោគ និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យត្រូវជួយសង្គ្រោះខ្លួនឯង ព្រោះគ្មានអ្នកខាងក្រៅមកជួយសង្គ្រោះពួកគេនោះទេ”។

លោកបានបន្ថែមថា “ទីផ្សារមានភាពតានតឹង ស្របពេលលំហូរដើមទុនថ្មីមានកម្រិតតិចតួច ដោយសារធនាគារនានាមានការស្ទាក់ស្ទើរក្នុងការផ្តល់ប្រាក់កម្ចីថ្មីដល់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ” ។

ការដាំក្បាលចុះនៃទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់ទីក្រុងហុងកុង បានបង្កឱ្យមានភាពតានតឹងផ្នែកហិរញ្ញវត្ថុសម្រាប់បណ្តាអ្នកអភិវឌ្ឍន៍ និងបានបង្កឱ្យមានក្តីព្រួយបារម្ភក្នុងចំណោមធនាគារនានា ដោយសារចំនួនប្រាក់កម្ចីមិនដំណើរការ(Non-performing loan) កើនឡើង។

លោក Joseph Tsang ប្រធានក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ JLL Hong Kong បានអះអាងថា “នៅពេលធនាគារនានាមានការប្រុងប្រយ័ត្នក្នុងការផ្តល់ប្រាក់កម្ចី នោះការណ៍នេះនឹងបង្កើតបញ្ហាសម្រាប់ទីផ្សារអចលនទ្រព្យ”។

លោកបានបង្ហាញសង្ឃឹមថា រដ្ឋបាលក្រុងហុងកុងអាចយកចិត្តទុកដាក់លើបញ្ហានេះ តាមរយៈការជំរុញឱ្យធនាគារនានាផ្តល់ប្រាក់កម្ចីថ្មីកាន់តែច្រើន និងអនុញ្ញាតឱ្យធនាគារទាំងនោះបញ្ចេញសាច់ប្រាក់ងាយស្រួលបន្ថែមទៀត៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here