ដោយ: គង់ លាងហួរ
អន្តរជាតិ: ឧស្សាហកម្មអចលនទ្រព្យសណ្ឋាគារនៅប្រទេសវៀតណាមកំពុងស្ទុះងើបឡើងវិញ ខណៈតម្រូវការ និងការផ្គត់ផ្គង់សណ្ឋាគារនៅតាមគោលដៅទេសចរណ៍សំខាន់ៗបាននិងកំពុងកើនឡើងនៅទូទាំងប្រទេសអាស៊ានមួយនេះ។
ក្នុងនោះ អត្រាគ្របដណ្តប់ការស្នាក់នៅសណ្ឋាគារជាមធ្យមនៅទីក្រុងហាណូយនៃប្រទេសវៀតណាមត្រូវបានគេរំពឹងថា នឹងកើនឡើងដល់៧៨ភាគរយនៅឆ្នាំ២០២៥។ នេះបើយោងតាមរបាយការណ៍ថ្មីរបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Avison Young ។
ការព្យាករណ៍នេះជាសញ្ញាវិជ្ជមាន ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការស្ទុះងើបឡើងវិញពេញលេញនៃតម្រូវការស្នាក់នៅ។ តម្លៃបន្ទប់សណ្ឋាគារជាមធ្យមនៅទីក្រុងហាណូយបានងើបឡើងវិញយ៉ាងគំហុកចាប់តាំងពីឆ្នាំ២០២២ បន្ទាប់ពីបានដាំក្បាលចុះក្នុងអំឡុងជំងឺរាតត្បាតកាលពីឆ្នាំ២០២០ និងឆ្នាំ២០២១។
ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Avison Young បានព្យាករណ៍ថា តម្លៃបន្ទប់សណ្ឋាគារជាមធ្យមនៅទីក្រុងហាណូយនៅឆ្នាំនេះអាចហក់ឡើងដល់១១១ដុល្លារក្នុងមួយយប់ លើសពីកម្រិតកំពូលក្នុងឆ្នាំ២០១៩ មុនពេលមានជំងឺរាតត្បាត។
ដោយឡែក បច្ចុប្បន្ន ទីក្រុងហូជីមិញមានចំនួនបន្ទប់សណ្ឋាគារសរុបជាង១៦.៦០០បន្ទប់ និងអត្រាគ្របដណ្តប់ការស្នាក់នៅសណ្ឋាគារក្នុងរង្វង់៦១ភាគរយ។ នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យ Savills ។
ក្រុមហ៊ុនបដិសណ្ឋារកិច្ច Courtyard by Marriott បានបើកសម្ពោធបន្ទប់សណ្ឋាគារចំនួន៣០០បន្ទប់ ក្នុងអគារកំពស់៤៥ជាន់នៅទីក្រុង Da Nang ដែលជាទីក្រុងទេសចរណ៍ដ៏ពេញនិយមមួយនៅតំបន់ភាគកណ្តាលនៃប្រទេសវៀតណាម។
លោក Michael Piro នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Indochina Capital បានលើកឡើងថា ការរីកចម្រើនផ្នែកទេសចរណ៍ និងគោលនយោបាយគាំទ្ររបស់រដ្ឋាភិបាលវៀតណាមកំពុងជំរុញកំណើនទីផ្សារសណ្ឋាគារក្នុងប្រទេសនេះ។
ក្នុងរយៈពេល៨ខែដំបូងដើមឆ្នាំនេះ វៀតណាមទទួលបានភ្ញៀវទេសចរណ៍បរទេសចំនួនជិត១៤លាននាក់៕ប្រភព: Vnexpress ៕