ដោយ: គង់ លាងហួរ
អន្តរជាតិ: ការវិនិយោគក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសជប៉ុនបានហក់ឡើងលើសពី៣ទ្រីលានយ៉េន (ប្រមាណ២០,៤ពាន់លានដុល្លារ) ជាលើកដំបូងមិនធ្លាប់មាននៅឆមាសទីមួយ ឆ្នាំ២០២៥ ដោយសារកំណើននៃការលក់អគារការិយាល័យនៅទីក្រុងតូក្យូ។
យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យអាមេរិក Jones Lang LaSalle (JLL) បានឱ្យដឹងថា ការវិនិយោគក្នុងវិស័យអចលនទ្រព្យជប៉ុនសម្រេចបានទំហំទឹកប្រាក់សរុបចំនួន៣,១៩ទ្រីលានយ៉េនក្នុងអំឡុងខែមករាដល់ខែមិថុនា ហក់ឡើង២២ភាគរយបើធៀបនឹងឆ្នាំមុន។
នេះជាលើកទីមួយហើយ គិតចាប់តាំងពីឆ្នាំ២០០៧ ដែលការវិនិយោគបានហក់ឡើងលើស៣ទ្រីលានយ៉េន។ ក្នុងនោះ ទីផ្សារការិយាល័យគ្របដណ្តប់ចំណែក៥៣ភាគរយនៃការបណ្តាក់ទុនវិនិយោគសរុប។
ទីផ្សារការិយាល័យបានទាក់ទាញការវិនិយោគច្រើនជាងគេបើធៀបនឹងផ្នែកផ្សេងទៀត។សង្កាត់ចំនួន៥ នៅចំកណ្តាលទីក្រុងតូក្យូបានស្រូបទាញទុនវិនិយោគចំនួន៥៦ភាគរយនៃការវិនិយោគអចលនទ្រព្យសរុបទូទាំងប្រទេសជប៉ុន។ នេះជាលើកទី១ ដែលទីក្រុងតូក្យូបានទាក់ទាញទុនវិនិយោគច្រើនជាងគេបំផុតចាប់តាំងពីឆមាសទីមួយឆ្នាំ២០១៨។
ជាមួយគ្នានេះ ខេត្ត Chiba ខេត្ត Saitama និងខេត្ត Kanagawa ដែលស្ថិតនៅជាប់ទីក្រុងតូក្យូ បានស្រូបទាញចំណែកនៃការវិនិយោគអចលនទ្រព្យចំនួន១១ភាគរយ កើនឡើង៣ភាគរយធៀបនឹងឆ្នាំមុន។ ក្នុងនោះ ការលក់អគារការិយាល័យ និងអចលនទ្រព្យផ្នែកដឹកជញ្ជូនបាននាំមុខគេ។
បណ្តាវិនិយោគិនអន្តរជាតិបានចាក់បញ្ចូលដើមទុនចំនួន១,០៩ទ្រីលានយ៉េនក្នុងទីផ្សារអចលនទ្រព្យជប៉ុនកាលពីឆមាសទី១ ហក់ឡើងជិត៤ដងធៀបនឹងឆ្នាំមុន និងគ្របដណ្តប់ចំណែក៣៤ភាគរយនៃការវិនិយោគសរុប៕ប្រភព: Nikkei Asia៕