ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹងក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានងើបឡើងថ្លៃយ៉ាងគំហុកនាពេលថ្មីៗនេះ ដោយសារភាពតានតឹងភូមតិសាស្ត្រនយោបាយ និងការត្រៀមបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក(Fed)។
តួយ៉ាង តម្លៃមាស Spot Gold បានស្ថិតនៅទ្រឹងត្រឹមប្រមាណ៣.៦៧៧ដុល្លារក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ប្រមាណ៣៦៧៨,៧៨ដុល្លារក្នុងមួយអោនកាលពីថ្ងៃចន្ទម្សិលមិញ។
ទោះជាយ៉ាងណា តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានស្ថិតនៅទ្រឹងត្រឹម៣៧១៨,៩០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:៣៨នាទីព្រឹកដូចគ្នា។
យោងតាមគេហទំព័រ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៥,៩ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៧ ខែកញ្ញា។
ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់៩៧,២៦ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ ក្រោយពេលបានបិទការជួញដូរត្រឹម៩៧,៣ពិន្ទុកាលពីថ្ងៃចន្ទម្សិលមិញ៕