ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីធនាគារកណ្តាលអាមេរិក (Fed) បានកាត់បន្ថយអត្រាការប្រាក់ចំនួន០,២៥ភាគរយដូចការរំពឹងទុក និងអាចបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុបន្ថែមទៀតនៅខែតុលាខាងមុខ។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,០៧ភាគរយដល់៣៦៦២,៣៨ដុល្លារក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ប្រមាណ៣៦៥៩,៦៧ដុល្លារក្នុងមួយអោនកាលពីថ្ងៃពុធម្សិលមិញ។
ទោះជាយ៉ាងណា តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៥៤ភាគរយមកនៅត្រឹម៣៦៩៧,៨០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:៤២នាទីព្រឹកដូចគ្នា។
យោងតាមគេហទំព័រ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨៧,៧ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី២៩ ខែតុលាខាងមុខ។
ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់៩៧,០១ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រោយពេលបានបិទការជួញដូរត្រឹម៩៦,៨៧ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ៕