តើសមិទ្ឋផលធំៗនៅតំបន់ឆ្នេរប៉ុន្មានបានបញ្ចប់ការសាងសង់ក្នុងអាណត្តិរដ្ឋាភិបាលថ្មីរយៈពេលជាង២ឆ្នាំ?

0

ដោយៈ និស្ស័យ

    ភ្នំពេញៈ ក្នុងរយៈពេលជាងពីរឆ្នាំនៃ​នីតិកាលទី៧ របស់រដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានសម្រេចបានសមិទ្ឋផលធំៗជាច្រើន បំរើឲ្យការរីកចម្រើនសេដ្ឋកិច្ច និងសង្គម។

ការ​ដាក់​ឲ្យ​ប្រើប្រាស់​គ្រឿងចក្រ​ លើក​ដាក់​ចល័ត​នៅ​គែម​ផែ​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ

​គ្រឿងចក្រលើកដាក់កុងតឺន័រនៅគែមផែប្រភេទ QC ចំនួន ២ គ្រឿង និងគ្រឿងចក្រលើកដាក់កុងតឺន័រនៅទីលានប្រភេទ RTG ចំនួន ៦ គ្រឿង ត្រូវបានដឹកជញ្ជូនពីរោងចក្រOita ប្រទេសជប៉ុន មកដល់ចំណតផែកុងតឺន័រថ្មីប្រវែង២៥៣ម៉ែត្រ ​របស់​កំពង់ផែស្វយ័តក្រុងព្រះសីហនុ​។

ការបំពាក់គ្រឿងចក្រថ្មីៗទាំងនេះ បាន​បង្កើនសមត្ថភាពឆ្លើយតបទៅនឹងកំណើននៃតម្រូវការ ក្នុងការលើកដាក់ផ្ទេរ-ផ្ទុកកុងតឺន័ររបស់កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ។

២ កំពង់ផែ​ពហុ​បំណង​កំពត

ខេត្តកំពតបានស្វាគមន៍ កំពង់ផែពហុបំណងកំពត ដែលមាន​តម្លៃប្រមាណ១៤០លានដុល្លារអាមេរិក បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​កាលពី​ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ដែល​បាន​ក្លាយជាកំពង់ផែទឹកជ្រៅ និងទំនើបមួយទៀតនៅកម្ពុជា និង​មានសារៈសំខាន់ដែលជួយបំពេញបន្ថែមលើមុខងារ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ។

៣ ចំណត​ផែ​កុងតឺន័រ​នៅ​ផែ​ស្វយ័តក្រុងព្រះសីហនុប្រវែង២៥៣ម៉ែត្រ

ចំណតផែកុងតឺណ័រថ្មី របស់កំពង់ផែស្វ័យតក្រុងព្រះសីហនុ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃ០១ ខែ ឧសភា ឆ្នាំ ២០២៣ ដោយបានប្រើប្រាស់រយៈពេលសាងសង់ចំនួន១៨ ខែ។

តាមរយៈ​ចំណត​ផែ​កុងតឺន័រ​នៅ​ផែ​ស្វយ័ត ក្រុងព្រះសីហនុនេះ បាន​​ជួយបំពេញបន្ថែមនូវមុខងាររបស់​កំពង់​ផែស្វយ័តក្រុងព្រះសីហនុ ដែលធ្វើ​ឱ្យ​សមត្ថភាពផែសរុបកើនឡើងពី ៥៥ ​ម៉ឺន ​TEUs/ឆ្នាំទៅ១លានTEUs/ឆ្នាំ និង​អាច​អនុញ្ញាត​ឱ្យនាវាកុងតឺន័រ មានជម្រៅ​ទឹក​១០,៤ ម៉ែត្រ ចូលចតបាន។

៤ កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្ត​កំពត​

ខេត្តកំពត កំពុងប្រណាំងប្រជែងសក្តានុពល ជាមួយខេត្តព្រះសីហនុ ដោយខេត្តនេះបានស្វាគមន៍ កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្ត​កំពត​ បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ខែ​មេសា​ឆ្នាំ ២០២៥ មានទីតាំង​ស្ថិតនៅក្នុងភូមិជុំគ្រៀល ឃុំជុំ​គ្រៀល ស្រុកទឹកឈូ ខេត្តកំពត ដែល​ត្រូវបានសាងសង់ឡើង​នៅលើ​ផ្ទៃ​ដីទំហំ៤,២៥ហិកតា។

តាមរយៈ​កំពង់ផែនេះ បាន​រួមចំណែកលើកកម្ពស់​ការ​តភ្ជាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ ទៅកាន់គោលដៅទេសចរណ៍​ផ្សេងៗ ដូចជា ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង និងបណ្តា​កោះ​នានាក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការ​តភ្ជាប់ផ្លូវទស្សនាចរសមុទ្ររបស់ប្រទេស​កម្ពុជា ​ជាមួយបណ្ដាកំពង់ផែទេសចរណ៍ នៅកោះត្រល់​របស់​ប្រទេសវៀតណាម និងបណ្ដាកំពង់ផែទេសចរណ៍ នៅប្រទេសថៃជាដើម ដែលអាចឱ្យនាវាដឹកភ្ញៀវទេសចរចូលចតយ៉ាង​ងាយស្រួល។

ជាមួយគ្នា​នេះ ក្រៅពី​សមិទ្ធផលខាង​លើ ក្រសួងសាធារណការ​និងដឹកជញ្ជូន​​ ក៏បាន​បញ្ចប់​​ដាក់​​ឲ្យ​​ប្រើប្រាស់ ​គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និង​កំពង់ផែចំនួន​៣ គម្រោង​ផ្សេង​ទៀត​រួមមាន៖

-ឃ្លាំង​សន្និធិ​គយ​បណ្ដោះអាសន្ន​នៃ​ចំណត​ផែ​កុងតឺន័រLM17។
-ចំណត​ផែ​រណប​ពហុ​បំណង TS11 UM2 និង LM26។
-ឃ្លាំង​លើក​ដាក់​ និង​ស្ដុក​ទំនិញ​ត្រជាក់​របស់​ក្រុមហ៊ុនខ្មែរ ខូល ឆេន (Khmer Cold Chain) ក្នុង​បរិវេណ​ចំណត​ផែ​កុងតឺន័រ LM17 នៃ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here