ដោយៈ និស្ស័យ
ភ្នំពេញៈ ក្នុងរយៈពេលជាងពីរឆ្នាំនៃនីតិកាលទី៧ របស់រដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានសម្រេចបានសមិទ្ឋផលធំៗជាច្រើន បំរើឲ្យការរីកចម្រើនសេដ្ឋកិច្ច និងសង្គម។
១ ការដាក់ឲ្យប្រើប្រាស់គ្រឿងចក្រ លើកដាក់ចល័តនៅគែមផែនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
គ្រឿងចក្រលើកដាក់កុងតឺន័រនៅគែមផែប្រភេទ QC ចំនួន ២ គ្រឿង និងគ្រឿងចក្រលើកដាក់កុងតឺន័រនៅទីលានប្រភេទ RTG ចំនួន ៦ គ្រឿង ត្រូវបានដឹកជញ្ជូនពីរោងចក្រOita ប្រទេសជប៉ុន មកដល់ចំណតផែកុងតឺន័រថ្មីប្រវែង២៥៣ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ការបំពាក់គ្រឿងចក្រថ្មីៗទាំងនេះ បានបង្កើនសមត្ថភាពឆ្លើយតបទៅនឹងកំណើននៃតម្រូវការ ក្នុងការលើកដាក់ផ្ទេរ-ផ្ទុកកុងតឺន័ររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
២ កំពង់ផែពហុបំណងកំពត
ខេត្តកំពតបានស្វាគមន៍ កំពង់ផែពហុបំណងកំពត ដែលមានតម្លៃប្រមាណ១៤០លានដុល្លារអាមេរិក បានសម្ពោធដាក់ឲ្យដំណើរការកាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ដែលបានក្លាយជាកំពង់ផែទឹកជ្រៅ និងទំនើបមួយទៀតនៅកម្ពុជា និងមានសារៈសំខាន់ដែលជួយបំពេញបន្ថែមលើមុខងារ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ។
៣ ចំណតផែកុងតឺន័រនៅផែស្វយ័តក្រុងព្រះសីហនុប្រវែង២៥៣ម៉ែត្រ
ចំណតផែកុងតឺណ័រថ្មី របស់កំពង់ផែស្វ័យតក្រុងព្រះសីហនុ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃ០១ ខែ ឧសភា ឆ្នាំ ២០២៣ ដោយបានប្រើប្រាស់រយៈពេលសាងសង់ចំនួន១៨ ខែ។
តាមរយៈចំណតផែកុងតឺន័រនៅផែស្វយ័ត ក្រុងព្រះសីហនុនេះ បានជួយបំពេញបន្ថែមនូវមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលធ្វើឱ្យសមត្ថភាពផែសរុបកើនឡើងពី ៥៥ ម៉ឺន TEUs/ឆ្នាំទៅ១លានTEUs/ឆ្នាំ និងអាចអនុញ្ញាតឱ្យនាវាកុងតឺន័រ មានជម្រៅទឹក១០,៤ ម៉ែត្រ ចូលចតបាន។
៤ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត
ខេត្តកំពត កំពុងប្រណាំងប្រជែងសក្តានុពល ជាមួយខេត្តព្រះសីហនុ ដោយខេត្តនេះបានស្វាគមន៍ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត បានសម្ពោធដាក់ឲ្យប្រើប្រាស់នៅខែមេសាឆ្នាំ ២០២៥ មានទីតាំងស្ថិតនៅក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ដែលត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ៤,២៥ហិកតា។
តាមរយៈកំពង់ផែនេះ បានរួមចំណែកលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ ទៅកាន់គោលដៅទេសចរណ៍ផ្សេងៗ ដូចជា ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង និងបណ្តាកោះនានាក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការតភ្ជាប់ផ្លូវទស្សនាចរសមុទ្ររបស់ប្រទេសកម្ពុជា ជាមួយបណ្ដាកំពង់ផែទេសចរណ៍ នៅកោះត្រល់របស់ប្រទេសវៀតណាម និងបណ្ដាកំពង់ផែទេសចរណ៍ នៅប្រទេសថៃជាដើម ដែលអាចឱ្យនាវាដឹកភ្ញៀវទេសចរចូលចតយ៉ាងងាយស្រួល។
ជាមួយគ្នានេះ ក្រៅពីសមិទ្ធផលខាងលើ ក្រសួងសាធារណការនិងដឹកជញ្ជូន ក៏បានបញ្ចប់ដាក់ឲ្យប្រើប្រាស់ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងកំពង់ផែចំនួន៣ គម្រោងផ្សេងទៀតរួមមាន៖
-ឃ្លាំងសន្និធិគយបណ្ដោះអាសន្ននៃចំណតផែកុងតឺន័រLM17។
-ចំណតផែរណបពហុបំណង TS11 UM2 និង LM26។
-ឃ្លាំងលើកដាក់ និងស្ដុកទំនិញត្រជាក់របស់ក្រុមហ៊ុនខ្មែរ ខូល ឆេន (Khmer Cold Chain) ក្នុងបរិវេណចំណតផែកុងតឺន័រ LM17 នៃកំពង់ផែស្វយ័តភ្នំពេញ៕