ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឯកជនក្នុងប្រទេសសិង្ហបុរីបានលក់ផ្ទះថ្មីចំនួន២.១៤២យូនីត ក្នុងខែសីហា ឆ្នាំ២០២៥ ហក់ឡើងជាង១០ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកស្រី Christine Sun អ្នកជំនាញនៅក្រុមហ៊ុនស្រាវជ្រាវ ORANGETEE & TIE. បានអះអាងថា តួលេខនៃការលក់ផ្ទះនៅខែសីហា ជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីខែសីហា ឆ្នាំ២០០៧ និងកើនឡើងជាង២ដងធៀបនឹងខែកក្កដា។
លោក Nicholas Mak ប្រធានផ្នែកស្រាវជ្រាវរបស់ភ្នាក់ងារអចលនទ្រព្យ Mogul.sg បានលើកឡើងថា ការណ៍នេះនាំឱ្យការលក់ផ្ទះថ្មីនៅសិង្ហបុរីក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២៥ កើនឡើងដល់ចំនួន៧.៦៦៩យូនីត។ នេះជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០២១។
លោក Lee Sze Teck នាយកជាន់ខ្ពស់ផ្នែកវិភាគទិន្នន័យនៅក្រុមហ៊ុន Huttons Asia បានវាយតម្លៃថា កំណើននៃការលក់ផ្ទះនៅក្នុងខែសីហាបណ្តាលមកពីការកំណត់តម្លៃផ្ទះដ៏គួរឱ្យទាក់ទាញ ក្នុងគម្រោងលំនៅដ្ឋាន ដែលទើបបើកដំណើរការថ្មី។
ជាក់ស្តែង តម្លៃផ្ទះនៅគម្រោង Canberra Crescent Residences និងគម្រោង Springleaf Residence ដែលជាគម្រោងថ្មីចំនួន២ ក្នុងចំណោមគម្រោងថ្មីទាំង៥ កាលពីខែសីហា បានដាក់លក់ផ្ទះក្នុងតម្លៃប្រមាណ១.៤៥០ដុល្លារអាមេរិកក្នុងមួយហ្វីតការ៉េ៕ប្រភព: The Business Times៕