ដោយៈ និស្ស័យ
ភ្នំពេញៈ អបអរសាទរ! រាជធានីភ្នំពេញទទួលបានពានរង្វាន់ “ទីក្រុងធានាកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន”ពីវេទិកា ដែលរៀបចំនៅទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី។
លោកហួត ហៃអភិបាលរងនៃគណអភិបាលរាជធានីភ្នំពេញ បានអញ្ជើញទទួលពានរង្វាន់ Decent Work and Economic Growth ពីវេទិកា BRICS Urban Future Forum ដែលរៀបចំនៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្សុីថ្ងៃទី១៧-១៨ ខែកញ្ញា ឆ្នាំ២០២៥។
Decent Work and Economic Growth មានន័យថា “ជាទីក្រុងធានាកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន មានមុខរបរពេញលេញ និងផលិតភាពខ្ពស់ និងមានការងារសមរម្យសម្រាប់ប្រជាជនគ្រប់រូប” ដែលមានកំណត់នៅក្នុងគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាពចំណុចទី៨ របស់អង្គការសហប្រជាជាតិ។ នេះបើយោងតាមបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញនាថ្ងៃទី១៨កញ្ញា២០២៥។
លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញតំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានដឹកនាំ ប្រតិភូសាលារាជធានីភ្នំពេញទៅចូលរួមក្នុងវេទិកា BRICS Urban Future Forum ដែលរៀបចំនៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្សុីថ្ងៃទី១៧-១៨ ខែកញ្ញា ឆ្នាំ២០២៥។
នៅក្នុងកម្មវិធីដែលមានទីក្រុងនានា ជាច្រើនចូលរួមមកពីប្រទេសប្រេសុីល រុស្សី ឥណ្ឌា ចិន និង អាហ្រិ្វកខាងត្បូង ព្រមទាំងទីក្រុងជាច្រើនទៀតនៅលើពិភពលោក ក៏ត្រូវបានអញ្ជើញចូលរួមផងដែរ។
មានទីក្រុងចំនួន៩ ដែលទទួលបានពានរង្វាន់ផ្សេងៗពីគ្នា ក្នុងនោះ រាជធានីភ្នំពេញ ទទួលបានពានរង្វាន់ Decent Work and Economic Growth ។
នៅផ្នែកនេះ មានទីក្រុងចំនួន៣ត្រូវបានជ្រើឹសរើសជាជម្រើសចុងក្រោយ គឺទីក្រុងGuangzhou នៃប្រទេសចិន ទីក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងChengdu នៃប្រទេសចិន។ ទីបំផុត ភ្នំពេញត្រូវបានប្រកាសជាអ្នកឈ្នះពានរង្វាន់ផ្នែកនេះ៕