រដ្ឋបាលខេត្តព្រះសីហនុបង្ហាញពីផែនការមេអភិវឌ្ឍន៍ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងដល់ប្រតិភូអាស៊ាន

0

ដោយៈ គង់ សូរិយា

    ព្រះសីហនុៈ អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ អញ្ជើញធ្វើបទបង្ហាញអំពី “ផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង”។

លោកអភិបាលរងខេត្ត បានតំណាងរដ្ឋបាលខេត្តព្រះសីហនុអញ្ជើ​ញចូលរួមជាវាគ្មិនក្នុង “វេទិកាអភិបាលក្រុងអាស៊ាន-ចិន ឆ្នាំ២០២៥” (ASEAN-China Mayors’ Forum 2025) ក្រោមមូលបទ “កសាងលំនៅឋានល្អទាំងអស់គ្នា រួមគ្នាជំរុញការអភិវឌ្ឍនគរូបនីយកម្មចិន និងអាស៊ានប្រកបដោយចីរភាព” ដែលមានប្រតិភូតំណាងប្រទេសជាសមាជិកអាស៊ាន និងអ្នកសង្កេតការណ៍អាស៊ាន រួមមានប្រ៊ុយណេ កម្ពុជា ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ វៀតណាម និងទីម័រខាងកើត និងតំណាងសហគ្រាសធំៗ ចម្រុះជាតិសាសន៍ចូលរួមសរុបសមាសភាពប្រមាណ៩៥០រូប នៅទីក្រុងគួយលីន តំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។

លោកអភិបាលរង បានធ្វើបទបង្ហាញជូនអង្គវេទិកាទាំងមូល អំពី  “ផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” និងបានរំលេចអំពីលក្ខណៈពិសេសសំខាន់ៗ របស់ខេត្តរាប់ចាប់ពី គុណប្រយោជន៍យុទ្ធសាស្ត្រក្នុងតំបន់ រហូតដល់គោលនយោ​បាយ និងយន្តការគាំទ្រនានារបស់រាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសវិស័យសក្តានុពល ដែលកំពុងមានតម្រូវការវិនិយោគដូចជា៖ ឧស្សាហកម្ម កសិ-ឧស្សាហកម្ម ដឹកជញ្ជូននិងភស្តុភាកម្មទំនើប។

វេទិកានេះត្រូវបានសហការរៀបចំឡើង ដោយសមាគមអភិបាលក្រុងចិន (China Association of Mayors) និងនាយកដ្ឋានលំនៅដ្ឋាន និងអភិវឌ្ឍន៍ទីក្រុង-ជនបទនៃតំបន់ស្វយ័តក្វាងស៊ី ក្នុងគោលបំណងដើម្បីរឹតបន្តឹងចំនងមិត្តភាពរវាងចិន នឹងអាស៊ាន ធ្វើបច្ចុប្បន្នភាពគម្រោងអភិវឌ្ឍនគរូបនីយកម្មសំខាន់ៗ របស់ប្រទេសជាសមាជិក និងចែករំលែកបទពិសោធន៍ ឧត្តមានុវត្ត ជាពិសេសបច្ចេកវិទ្យាទំនើបថ្មីៗ ដែលជាអាចបម្រើក្នុងវិស័យសំណង់ និងនគរូបនីយកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here