រដ្ឋមន្រ្តីទេសចរណ៍បញ្ជាក់ពីសក្តានុពលកម្ពុជាដល់សមាគមទីភ្នាក់ងារទេសចរណ៍ជប៉ុន

0

ដោយៈ ម៉ាណា

    ប្រទេសជប៉ុនៈ រដ្ឋមន្រ្តីទេសចរណ៍ លោកហួត ហាក់បានគូសបញ្ជាក់ពីសក្តានុពលទេសចរណ៍កម្ពុជា និងកត្តាសុខសុវត្ថិភាពរបស់កម្ពុជា ដល់សមាគមន៍ទីភ្នាក់ងារទេសចរណ៍ជប៉ុន (JATA)។

លោករដ្ឋមន្រ្តីបានថ្លែងអះអាងបែបនេះ ក្នុងដំណើររទស្សនកិច្ច​ចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន (Tourism EXPO Japan) និងកិច្ចប្រជុំតុមូលរដ្ឋមន្រ្តីទេសចរណ៍។

ក្នុងឱកាសនោះ លោកហួត​ ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍​ បានជួបពិភាក្សាការងារជាមួយ​លោក Astushi Sakai តំណាងទីភ្នាក់ងារសមាគមន៍ទេសចរណ៍ជប៉ុន (JATA) និងសហការី អំពីការបង្កើតនូវកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា​ និងសមាគមន៍ទីភ្នាក់ងារទេសចរណ៍ជប៉ុន(Japan Association of Travel Agents)។​

ក្នុងជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កាលើការបង្កើតកិច្ចសហប្រតិបត្តិការនេះ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសង្គម សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ សុវត្ថិភាពភ្ញៀវទេសចរអន្តរជាតិ ដែលត្រូវបានផ្តល់កិច្ចធានាដោយរាជរដ្ឋាភិបាលកម្ពុជា។

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្រ្តី បានជម្រាបជូនតំណាងសមាគមទីភ្នាក់់ងារទេសចរណ៍ជប៉ុន ពីសក្តានុពលទេសចរណ៍កម្ពុជា ដែលជាទីផ្សារថ្មី ប្រកបដោយសក្តានុពល និងពោរពេញដោយកាលានុវត្តវិនិយោគ ដែលត្រូវការការវិនិយោគ លើវិស័យទេសចរណ៍យ៉ាងច្រើនពីវិនិយោគិនបរទេស និងការចាប់ដៃសហការគ្នា រវាងទីភ្នាក់ងារទេសចរណ៍កម្ពុជា និងជប៉ុន ដើម្បីរៀបចំFamtrip មកប្រទេសកម្ពុជា ជួបពិភាក្សាគ្នាបង្កើតជាកញ្ចប់ទស្សនកិច្ច។

គូភាគីទាំងពីរ ក៏បានឯកភាពសហការផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៃប្រទេសទាំងពីរ ដើម្បីជំរុញ និងបង្កើនចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាប្រទេសទាំងពីរ ឱ្យបានកាន់តែច្រើនឡើង។

សមាគមទីភ្នាក់ងារទេសចរណ៍ជប៉ុន (Japan Association of Travel Agents-JATA) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៩​ ហើយមានសមាជិកជាក្រុមហ៊ុនទេសចរណ៍ធំៗ ជាង១.១០០​ក្រុមហ៊ុន​នាពេលបច្ចុប្បន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here