ដោយៈ ម៉ាណា
ប្រទេសជប៉ុនៈ រដ្ឋមន្រ្តីទេសចរណ៍ លោកហួត ហាក់បានគូសបញ្ជាក់ពីសក្តានុពលទេសចរណ៍កម្ពុជា និងកត្តាសុខសុវត្ថិភាពរបស់កម្ពុជា ដល់សមាគមន៍ទីភ្នាក់ងារទេសចរណ៍ជប៉ុន (JATA)។
លោករដ្ឋមន្រ្តីបានថ្លែងអះអាងបែបនេះ ក្នុងដំណើររទស្សនកិច្ចចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន (Tourism EXPO Japan) និងកិច្ចប្រជុំតុមូលរដ្ឋមន្រ្តីទេសចរណ៍។
ក្នុងឱកាសនោះ លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយលោក Astushi Sakai តំណាងទីភ្នាក់ងារសមាគមន៍ទេសចរណ៍ជប៉ុន (JATA) និងសហការី អំពីការបង្កើតនូវកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងសមាគមន៍ទីភ្នាក់ងារទេសចរណ៍ជប៉ុន(Japan Association of Travel Agents)។
ក្នុងជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កាលើការបង្កើតកិច្ចសហប្រតិបត្តិការនេះ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសង្គម សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ សុវត្ថិភាពភ្ញៀវទេសចរអន្តរជាតិ ដែលត្រូវបានផ្តល់កិច្ចធានាដោយរាជរដ្ឋាភិបាលកម្ពុជា។
ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្រ្តី បានជម្រាបជូនតំណាងសមាគមទីភ្នាក់់ងារទេសចរណ៍ជប៉ុន ពីសក្តានុពលទេសចរណ៍កម្ពុជា ដែលជាទីផ្សារថ្មី ប្រកបដោយសក្តានុពល និងពោរពេញដោយកាលានុវត្តវិនិយោគ ដែលត្រូវការការវិនិយោគ លើវិស័យទេសចរណ៍យ៉ាងច្រើនពីវិនិយោគិនបរទេស និងការចាប់ដៃសហការគ្នា រវាងទីភ្នាក់ងារទេសចរណ៍កម្ពុជា និងជប៉ុន ដើម្បីរៀបចំFamtrip មកប្រទេសកម្ពុជា ជួបពិភាក្សាគ្នាបង្កើតជាកញ្ចប់ទស្សនកិច្ច។
គូភាគីទាំងពីរ ក៏បានឯកភាពសហការផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៃប្រទេសទាំងពីរ ដើម្បីជំរុញ និងបង្កើនចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាប្រទេសទាំងពីរ ឱ្យបានកាន់តែច្រើនឡើង។
សមាគមទីភ្នាក់ងារទេសចរណ៍ជប៉ុន (Japan Association of Travel Agents-JATA) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៩ ហើយមានសមាជិកជាក្រុមហ៊ុនទេសចរណ៍ធំៗ ជាង១.១០០ក្រុមហ៊ុននាពេលបច្ចុប្បន្ន៕