ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍ពីក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Savills បានឱ្យដឹងថា ទីផ្សារអចលនទ្រព្យនៅតែជាឃ្លាំងរក្សាទុកទ្រព្យសម្បត្តិធំបំផុតលើពិភពលោកនៅឆ្នាំ២០២៥នេះ ខណៈប្រទេសចិនក្តោបក្តាប់ចំណែកធំបំផុតនៃទីផ្សារអចលនទ្រព្យសកល តាមពីក្រោយដោយសហរដ្ឋអាមេរិក។
នៅដើមឆ្នាំ២០២៥ ទំហំទីផ្សារអចលនទ្រព្យរបស់ពិភពលោក រួមបញ្ចូលទាំងផ្ទះ អគារពាណិជ្ជកម្ម និងដីស្រែចំការ មានទឹកប្រាក់ចំនួន៣៩៣,៣ទ្រីលានដុល្លារអាមេរិក។
តួលេខនេះមានការធ្លាក់ចុះ០,៥ភាគរយធៀបនឹងឆ្នាំ២០២៤ ដោយសារទំហំទីផ្សារលំនៅដ្ឋានសកលបានធ្លាក់ចុះ២,៧ភាគរយ ជាពិសេសនៅក្នុងប្រទេសចិន។នេះបើយោងតាមរបាយការណ៍ពីក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Savills។

ទោះជាយ៉ាងនេះក្តី ទីផ្សារអចលនទ្រព្យនៅតែជាទ្រព្យសកម្មធំបំផុតរបស់ពិភពលោក បើធៀបនឹងទំហំទីផ្សារមូលបត្របំណុលសកលចំនួន១៤៤,៨ទ្រីលានដុល្លារ។ ចំណែក ទីផ្សារភាគហ៊ុនសកលមានទំហំទឹកប្រាក់ចំនួន១៣៥,៧ទ្រីលានដុល្លារ) ខណៈទីផ្សារមាសសកលមានទំហំទឹកប្រាក់ចំនួន២០,២ទ្រីលានដុល្លារ។
ចាប់តាំងពីឆ្នាំ២០១៩មក ទំហំទីផ្សារអចលនទ្រព្យរបស់ពិភពលោកបានហក់ឡើង២១,៣ភាគរយ ស្របតាមកំណើនសេដ្ឋកិច្ចពិភពលោក។
ប្រទេសចិនបានរក្សាចំណាត់ថ្នាក់ទី១ ជាទីផ្សារអចលនទ្រព្យធំជាងគេបំផុត ដោយគ្របដណ្តប់ចំណែក២៣,៥ភាគរយនៃទំហំទីផ្សារអចលនទ្រព្យទូទាំងពិភពលោក ខណៈសហរដ្ឋអាមេរិកគ្របដណ្តប់ចំណែក២០,៧ភាគរយ៕ប្រភព: Edgeprop៕
