ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល និងអ្នកធុរកិច្ចកម្ពុជា ព្រមទាំងអាមេរិក បានចូលរួមក្នុងពិធីបើកវេទិកាស្ដីពី “ការវិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក”។
វេទិកានេះ រៀបចំឡើងនាព្រឹកថ្ងៃទី២ តលា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានអញ្ជើញជាអធិបតីបើកវេទិកាស្ដីពី “ការវិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក” ដែលប្រព្រឹត្តទៅនៅ សាលាជាតិគយ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់ អ្នកឧកញ៉ាគិត ម៉េងប្រធានសភាពាណិជ្ជកម្មកម្ពុជា និងមន្រ្តីពាក់ព័ន្ឋ។
វេទិកាស្ដីពី “ការវិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក” ដែលបានប្រព្រឹត្តទៅនាព្រឹកនេះ ត្រូវបានរៀបចំឡើងដើម្បីជាឱកាសនៃការជួបជុំ រវាងអ្នករៀបចំគោលនយោបាយ ប្រតិបត្តិករគោលនយោបាយ និងផ្នែកឯកជន ដើម្បីពិភាក្សាអំពីប្រធានបទដែលមានសារៈសំខាន់ដើម្បីរក្សា ពង្រឹងនិងពង្រីកពាណិជ្ជកម្ម និងវិនិយោគជាមួយសហរដ្ឋអាម៉េរិក រួមជាមួយនឹងការដោះស្រាយបញ្ហាប្រឈមនានា នៅក្នុងបរិការណ៍នៃការផ្លាស់ប្តូរឥតឈប់ឈរ នៃបរិយាកាសពាណិជ្ជកម្មពិភពលោកនាពេលបច្ចុប្បន្ន។
ថ្លែងក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកពីសាវតានៃការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក តួលេខនៃការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និងសាវតានៃកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិក ដែលបានធ្វើឡើងជាបន្តបន្ទាប់ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតីនាយករដ្ឋមន្ត្រី។
ដោយជាលទ្ធផល រដ្ឋបាលសហរដ្ឋអាម៉េរិក បានបញ្ចុះអត្រាពន្ធបដិការមកលើកម្ពុជានៅត្រឹម ១៩% ដែលជាអត្រាមួយអនុញ្ញាតឱ្យកម្ពុជារក្សាបាននូវភាពប្រកួតប្រជែងក្នុងការទាក់ទាញវិនិយោគ និងការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារសំខាន់នៃវេទិកានេះ ដែលត្រូវបានរៀបចំឡើង ក្នុងពេលវេលាដ៏សំខាន់សម្រាប់អនាគតសេដ្ឋកិច្ចកម្ពុជា។ លោកបន្ថែមថា តាមរយៈការសហការគ្នារវាងភាគីពាក់ព័ន្ធទាំងអស់ របស់រាជរដ្ឋាភិបាល និងផ្នែកឯកជន យើងនឹងធានាបានថាកម្ពុជា នៅតែរក្សាបាននូវអនុលោមភាព ភាពប្រកួតប្រជែង និងភាពទាក់ទាញសម្រាប់ វិនិយោគ និងពាណិជ្ជកម្ម។
លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យមានការចូលរួមមតិដោយផុលផុសនៅក្នុងកិច្ចពិភាក្សានាព្រឹកនេះ ក៏ដូចជាបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ថា វេទិកានេះនឹងបញ្ចប់ទៅជាមួយនឹងគំនិតល្អៗ ក្នុងការថែរក្សាទីផ្សារ ការទាក់ទាញវិនិយោគ និងការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជាថែមមួយកម្រិតទៀត៕