ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាវិនិយោគិនហុងកុងល្បីៗ រាប់ចាប់ពីអតីតនាយកប្រតិបត្តិនៃផ្សារហ៊ុនហុងកុងរហូតដល់ប្រធានក្រុមហ៊ុន Great Eagle Holdings កំពុងសម្រុកទិញលំនៅដ្ឋាននៅក្នុងតំបន់រដ្ឋបាលពិសេសហុងកុងរបស់ប្រទេសចិន។
លោក Yuen Tin-fan អតីតនាយកប្រតិបត្តិនៃផ្សារហ៊ុនហុងកុង បានទិញអាផាតមុិនចំនួន២យូនីតនៅគម្រោង The Knightsbridge ក្នុងសង្កាត់ Kai Tak ក្នុងតម្លៃសរុបចំនួន៩២លានដុល្លារហុងកុង (ប្រមាណ១១,៨លានដុល្លារអាមេរិក) ក្នុងរយៈពេល២ខែកន្លងមក។
គម្រោង The Knightsbridge ជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន ដែលមានផ្ទះសរុបចំនួន៥៦៦យូនីត និងត្រូវបានបណ្តាក់ទុនវិនិយោគរួមគ្នារវាងក្រុមហ៊ុន China Overseas Land និងក្រុមហ៊ុន Henderson Land ។
ជាមួយគ្នានេះ លោក Lo Ka-shui ប្រធាន និងជានាយកគ្រប់គ្រងនៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Great Eagle Holdings និងក្រុមគ្រួសាររបស់លោកក៏បានទិញអាផាតមុិនថ្មីនៅទូទាំងកោះហុងកុង និងតំបន់ New Territories ក្នុងរយៈពេលប៉ុន្មានខែថ្មីៗកន្លងមកផងដែរ។
គ្រួសារលោក Lo បានទិញផ្ទះចំនួន១១យូនីតនៅគម្រោង Deep Water Pavilia ដែលត្រូវបានអភិវឌ្ឍន៍រួមគ្នាដោយក្រុមហ៊ុន MTR Corp និងក្រុមហ៊ុន New World Development។ ក្នុងចំណោមនោះ ផ្ទះចំនួន៦យូនីត ដែលលោក Lo បានទិញកាលពីដើមខែសីហា មានតម្លៃប្រហែល២១.០០០ដុល្លារហុងកុងក្នុងមួយហ្វីតការ៉េ។
កាលពីថ្ងៃទី១៨ ខែកញ្ញា អាជ្ញាធររូបិយវត្ថុហុងកុងបានកាត់បន្ថយអត្រាការប្រាក់ចំនួន០,២៥ភាគរយមកនៅត្រឹម៤,៥ភាគរយ ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែធ្នូ ឆ្នាំ២០២២ ស្របតាមការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក។
លោក Raymond Cheng អ្នកវិភាគអចលនទ្រព្យឯករាជ្យបានលើកឡើងថា តម្លៃអចលនទ្រព្យនៅទីក្រុងហុងកុងបានធ្លាក់ចុះដល់បាត។តម្លៃផ្ទះនៅទីក្រុងហុងកុងនឹងអាចកើនឡើងចន្លោះពី៣ភាគរយទៅ៥ភាគរយនៅឆ្នាំ២០២៦ខាងមុខ៕ប្រភព: SCMP៕