
ដោយ: គង់ លាងហួរ
អន្តរជាតិ: ការលក់ផ្ទះនៅសង្កាត់ Manhattan ក្នុងទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង២ឆ្នាំ ខណៈក្រុមអ្នកមានទ្រព្យសម្បត្តិបានសម្រុកទិញផ្ទះ ដោយទូទាត់ជាសាច់ប្រាក់។
នៅត្រីមាសទី៣ ឆ្នាំ២០២៥ ការលក់ផ្ទះនៅសង្កាត់ Manhattan បានហក់ឡើង១៣ភាគរយធៀបនឹងឆ្នាំមុនដល់ចំនួន៣.១៥៨យូនីត។ នេះបើយោងតាមក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ Miller Samuel និងក្រុមហ៊ុនឈ្មួញជើងសា Douglas Elliman ។
ផ្ទះទាំងនោះមានតម្លៃជាមធ្យមចំនួន១,១៨លានដុល្លារអាមេរិកក្នុងមួយយូនីតចន្លោះពីខែកក្កដាដល់ខែកញ្ញា កើនឡើង៥,៨ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទីផ្សារអចលនទ្រព្យរបស់សង្កាត់ Manhattan ទទួលបានអត្ថប្រយោជន៍ពីការរីកចម្រើននៃទីផ្សារភាគហ៊ុន Wall Street ។ អតិថិជនជាច្រើនបានសម្រុកទិញផ្ទះ ដោយទូទាត់ជាសាច់ប្រាក់សុទ្ធ បន្ទាប់ពីពួកគេទទួលប្រាក់ចំណេញពីការវិនិយោគលើភាគហ៊ុន។

ក្នុងនោះ ចំនួនប្រហែល២ភាគ៣នៃការទិញផ្ទះសរុបក្នុងត្រីមាសទី៣ ត្រូវបានទូទាត់ ដោយមិនប្រើប្រាស់ប្រាក់កម្ចី។ ចំនួនជាង៩០ភាគរយនៃកិច្ចព្រមព្រៀងទិញផ្ទះ ដែលមានតម្លៃលើសពី៣លានដុល្លារក្នុងមួយយូនីត ត្រូវបានទូទាត់ជាសាច់ប្រាក់។
លោក Jonathan Miller ប្រធានក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ Miller Samuel បានលើកឡើងថា នៅក្នុងបរិបទទីផ្សារនាពេលបច្ចុប្បន្ននេះ មនុស្សដែលមានប្រាក់ចំណូលខ្ពស់ ឬទ្រព្យសម្បត្តិច្រើន អាចទិញផ្ទះ ដោយមិនចាំបាច់ខ្ចីប្រាក់។
តម្រូវការលំនៅដ្ឋាននៅសង្កាត់ Manhattan បានកើនឡើងលឿនជាងការផ្គត់ផ្គង់ ដែលធ្វើឱ្យតម្លៃផ្ទះហក់ឡើងខ្ពស់។ គិតត្រឹមចុងត្រីមាសទី៣ ឆ្នាំ២០២៥ ផ្ទះ ដែលអាចរកទិញបានលើទីផ្សារមានចំនួន៧.៧៣៣យូនីត កើនឡើង៧ភាគរយធៀបនឹងឆ្នាំមុន៕ប្រភព: Bloomberg៕

