តើកត្តាសំខាន់ៗអ្វីខ្លះ ដែលជំរុញឱ្យតម្លៃលំនៅឋានក្នុងប្រទេសវៀតណាមហក់ឡើងយ៉ាងគំហុក?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមអ្នកវិភាគបានលើកឡើងថា តម្លៃលំនៅឋាននៅប្រទេសវៀតណាមកំពុងកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារការកើនឡើងនៃថ្លៃដើមលើការអភិវឌ្ឍន៍ និងការធ្លាក់ចុះនៃការផ្គត់ផ្គង់។

ជាក់ស្តែង នៅឆ្នាំនេះ តម្លៃអាផាតមុិនជាមធ្យមនៅទីក្រុងហាណូយ មានទំហំទឹកប្រាក់ចំនួន៨០លានដុង (ប្រមាណ៣.០៣០ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េ ហក់ឡើង៣៣ភាគរយធៀបនឹងឆ្នាំមុន។

ជាមួយគ្នានេះ តម្លៃអាផាតមុិនជាមធ្យមនៅទីក្រុងហូជីមិញបានហក់ឡើង៣៦ភាគរយដល់ទំហំទឹកប្រាក់ចំនួន៨៩លានដុង(ប្រមាណ៣.៣៧៤ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េ។

លោកសេដ្ឋវិទូ Can Van Luc លើកឡើង​ថា​ ការហក់​ឡើង​នៃតម្លៃដី​ ជា​មូលហេតុ​សំខាន់​ ដែលនាំឱ្យតម្លៃអាផាតមុិនកើនឡើង។ ការកើនឡើងនៃតម្លៃសម្ភារៈសំណង់ កម្លាំងពលកម្ម និងប្រាក់កម្ចីរបស់ធនាគារ ជំរុញឱ្យថ្លៃដើមលើការអភិវឌ្ឍន៍គម្រោងអចលនទ្រព្យកើនឡើង។

លោក Pham Viet Thuan នាយកវិទ្យាស្ថានធនធានសេដ្ឋកិច្ច និងបរិស្ថាននៅទីក្រុងហូជីមិញ បានអះអាងថា បណ្តាអ្នកអភិវឌ្ឍន៍ចង់បានប្រាក់ចំណេញច្រើន។ហេតុនេះ ពួកគេផ្តោតលើការសាងសង់អាផាតមុិនប្រណីត ដែលមានតម្លៃខ្ពស់កប់ពពក។

លោក Ngo Quang Phuc នាយកប្រតិបត្តិនៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Phu Dong Group បានមានប្រសាសន៍ឱ្យដឹងថា ការកើនឡើងនៃតម្លៃលំនៅឋានបណ្តាលមកពីនីតិវិធីស្មុគស្មាញក្នុងការស្នើសុំអាជ្ញាបណ្ណដើម្បីសាងសង់គម្រោង។

លោកបានបន្តថា បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យសម្រុកប្រណាំងប្រជែងគ្នាដើម្បីទទួលបានអាជ្ញាបណ្ណ។ ប៉ុន្តែ អ្នកអភិវឌ្ឍន៍មួយចំនួនត្រូវចំណាយពេលរាប់ឆ្នាំ ឬអាចអូសបន្លាយ១ទសវត្សរ៍ដើម្បីទទួលបានអាជ្ញាបណ្ណ។

គម្រោងលំនៅឋានជាច្រើនបានជាប់គាំង ដោយសារការអនុម័តផ្តល់អាជ្ញាបណ្ណត្រូវការរយៈពេលយូរ ដែលធ្វើឱ្យការផ្គត់ផ្គង់លំនៅដ្ឋានធ្លាក់ចុះ និងជំរុញឱ្យតម្លៃផ្ទះកើនឡើង៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here